ខេត្តព្រះវិហារ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបើកបុកម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រូសារដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកុម្ភះនេះនៅតាមបណ្តោយផ្លូវភ្លោះវិមានឯករាជ្យរថយន្តម៉ាកកូរ៉េបិតស្លាកកងកម្លាំងវិស្វកម្មពណ៌ខៀវពាក់ស្លាកលេខក្រចេះ3A-0045 បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខរដ្ឋ 36.1.0805 ។
តាមការបំភ្លឺពីសាក្សីដែលបានឃើញហេតុការណ៍នេះឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដីបានបើកបរក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿនមកដល់ចំណុចកើតហេតុក៏បានវ៉ាកអើរនឹងម៉ូតូតាមបណ្តោយផ្លូវភ្លោះពីជើងទៅត្បួងដល់ផ្លូវបែកជាបួនត្រូវរថយន្តបុកចំពីមុខ បណ្តាលឱ្យម៉ូតូជាប់ក្រោមរថយន្តអ្នករងគ្រោះខ្ទាតទៅលើចិញ្ចើមផ្លូវម្ខាង ។
ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តបើកទ្វាររត់បាត់ស្រមោលករណីគ្រោះថ្នាក់ចរារចរណ៍ខាងលើនេះបង្កឡើងដោយសាររថយន្តដឹកដីបើកបរក្នុងល្បឿនលឿនហួសកំណត់មិនគោរពច្បាប់ចរាចរណ៍ ។ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដទៃប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារទើបតែបានលើកសំណូមពរដល់លោក សូស យ៉ារ៉ា ឱ្យជួយធ្វើអន្តរាគមន៍ទៅនឹងក្រុមហ៊ុនដឹកដីចូលក្នុងក្រុងព្រះវិហារមិនទាន់បានប៉ុន្មានថ្ងៃផង រថយន្តដឹកដីបើកបុកមនុស្សនៅក្នុងក្រុងព្រះវិហារទង្វើរបស់ក្រុមរថយន្តដឹកដីហាក់បីដូចជាចង់សាកល្បងមើល តើអំណាចតំណាងរាស្ត្រ សួស យ៉ារ៉ា អាចធ្វើអី្វពួកក្រុមរថយន្តដឹកដីនេះកើតដែររឺទេ?
ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារបានធ្វើការរិះគន់អាជ្ញាធរក្រុងព្រះវិហារថា បណ្តែតបណ្តោយឱ្យក្រុមហ៊ុនដឹកដីបង្កព្យុះភ្លៀងតាមអំពើចិត្តកន្លងមកក្រុមរថយន្តដឹកដីនេះបានបង្កផលប៉ះពាល់ដល់ទ្រព្យសម្បតិ្តសាធារណៈក៏ដូចជាប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារថែមទៀត ។ ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារទាំងមូលរងចាំមើលដំណោះស្រាយអាជ្ញាធរមានសមត្ថកិច្ច តើមានយុត្តិធម៌ទេចំពោះប្រជាពលរដ្ឋស្លូតត្រង់ ហើយក៏បានសំណូមពរដល់លោកអភិបាលខេត្តព្រះវិហារ លោកអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ មេត្តាជួយមានវិធានការចំពោះក្រុមហ៊ុនរថយន្តដឹកដីគ្មានសណ្តាប់ធ្នាប់នៅក្នុងក្រុងព្រះវិហារ បើមិនមានវិធានការទេ ថ្ងៃក្រោយមិនដឹងថា មានប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតដែលរងគ្រោះដោយសារក្រុមរថយន្តដឹកដីនេះ ។ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានគរបាលក្រុងព្រះវិហារ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕