ខេត្តរតនគីរី ៖
មនុស្ស ៣ នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយបង្កឡើងដោយ រថយន្តមួយបាំងកន្លះ បើកបុកជាមួយម៉ូតូ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១០និង២៣ នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤
នៅតាមបណ្តោយ ផ្លូវលេខ៧៨ ក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក តូយ៉ូតា ប្រភេទមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ 2Y-7059 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ ខណៈមកដល់ចំណុច ផ្លូវបំបែកជា៣ ទល់មុខនឹងមន្ទីរទេសចរណ៍ ខេត្តរតនគីរី ក៏បានកាច់បត់ ទៅខាងកើត។
ខណៈនោះស្រាប់តែមានម៉ូតូ មួយគ្រឿង ម៉ាកសង់កូរ៉េ ពាក់ស្លាកលេខ រតនគីរី 1A-2213 ជិះដោយបុរសម្នាក់ឈ្មោះ ឃួន សុខុម អាយុ ៤៨ឆ្នាំ ជាជនជាតិឡាវ រួមដំណើរជាមួយបុរស ២នាក់ទៀត បានបើកទៅបុក រថយន្តចំចំហៀង ខាងឆ្វេង យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរបួសធ្ងន់ស្រាលទាំង ៣នាក់តែម្តង ។
ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបើកគេច តែត្រូវបានសមត្ថកិច្ច តាមចាប់បាន ហើយជនរងគ្រោះទាំង ៣នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចដឹកយកទៅ រក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្ត រងចាំការដោះស្រាយ តាមនីតិវិធី ៕