ខេត្តកណ្តាល ៖
ស្ត្រីម្នាក់ត្រូវបានឃាតក រឹតកសម្លាប់ហើយច្រកចូលការុង ដាក់ក្នុងកញ្ឆេ រួចយកទៅទម្លាក់ចូល ក្នុងទឹកស្រះនៃរណ្ដៅគ្រាប់បេ ៥២ ក្បែរវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបាន
ប្រជាពលរដ្ឋ ប្រទះឃើញនិងរាយការណ៍ ប្រាប់សមត្ថកិច្ច កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤។
សមត្ថកិច្ចបានឲ្យប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ ចុះស្រង់យកការុងនោះ ឡើងលើគោក ហើយស្រាយមាត់ការុង ក៏ប្រទះឃើញ សពស្ត្រីម្នាក់ មានអាយុប្រហែល ៤០ ទៅ៦០ឆ្នាំ។ ស្ត្រីរងគ្រោះ ទំនងជាត្រូវឃាតករ យកខ្សែនីឡុងវែងមួយខ្សែ ចងរឹតកឲ្យស្លាប់ រួចទើបយកសពច្រកការុង ពណ៌ក្រហម ឆ្នូតខៀវ បន្ទាប់មកដាក់ នៅក្នុងកញ្ឆេថ្មីមួយ រួចយកទៅទម្លាក់ចូល ក្នុងទឹកស្រះនោះ។
ស្ត្រីដែលគេសម្លាប់ យកមកបោះចោលនេះ មិនទាន់មាននរណា ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ស្ត្រីរងគ្រោះ ពាក់អាវដៃខ្លី ពណ៌ក្រហម ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់ស្បែកជើងផ្ទាត់ ពណ៌ខៀវ អាវទ្រនាប់របស់ស្ត្រី ពណ៌ស។ ស្ត្រីរងគ្រោះ ទើបត្រូវបានឃាតករ សម្លាប់នៅវេលាទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ព្រោះបើតាមការ មើលឃើញជាក់ស្តែង គឺសពស្ថិតនៅក្នុង សភាពថ្មីៗនៅឡើយ៕