ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែបើករ៉ឺម៉កកង់បី ហើយត្រូវក្រុមយុវជនទំនើងមួយក្រុមបើករថយន្តកាមរីបាឡែនមួយគ្រឿង ជ្រុលបុករះយ៉ាងពេញទំហឹង បណ្តាលឲ្យដួលក្រឡាប់រ៉ឺម៉ករបួសបាក់ជើងម្ខាង ហើយរថយន្តព្យាយាមបើករត់គេច ក៏បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅសង្កាត់អូរឡាំពិក ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣នឹង៥០នាទីយប់ថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ ១៤៣ មុខសាលាបឋមសិក្សាអង្គអេង ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើត ជនរងគ្រោះបើករ៉ឺម៉កកង់បីមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះដល់ចំណុចខាងលើនេះ ស្រាប់តែមានក្រុមយុវជនទំនើងមួយក្រុមមានគ្នាប្រមាណជា៣ទៅ៤នាក់ រួមដំណើរក្នុងរថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-2922 បើកបរក្នុងល្បឿនយ៉ាងលឿន បានជ្រុលបុកចំពីមុខពេញទំហឹង បណ្តាលឲ្យ រ៉ឺម៉កក្រឡាប់ ធ្វើឲ្យអ្នកបើកបររងរបួសបាក់ជើងម្ខាង ភ្លាមៗនោះរថយន្តបង្កហេតុមិនឈប់ទទួលខុសត្រូវទេ ដោយបានព្យាយាមបើករត់គេច បន្តរហូតជិតវត្តមហាមន្ត្រីក៏ជ្រុលទៅបុករបងផ្ទះ ប្រជាពលរដ្ឋមួយកន្លែងទៀត ខណៈនោះនគរបាលមូលដ្ឋានដែលកំពុងល្បាតឃើញក៏ឃាត់ទាំងរថយន្ត ទាំងមនុស្សតែម្តង ។
បន្ទាប់ពីឃាត់រថយន្តបានហើយ ជនរងគ្រោះបានមកដល់ ហើយបានចរចាគ្នា ទាមទារសំណងជាប្រាក់ដើម្បីបញ្ចប់រឿង ។ ប៉ុន្តែរបងផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយសាររថយន្តបើកបុកនោះ គឺគ្មានសំណងឡើយ មិនដឹងថានគរបាលមូលដ្ឋាននិយាយជាមួយក្រុមជនបង្កបែបណានោះទេ ទើបជនបង្កបើករថយន្តបន្តដំណើរគេចខ្លួនបាត់ដោយសុវត្ថិភាពពីកន្លែងកើតហេតុ ៕