ខេត្តកំពង់ឆ្នាំង ៖
រថយន្តដឹកទំនិញមួយគ្រឿង បានបើកកៀរម៉ូតូទាំងកំរោល បណ្តាលឲ្យបុរសម្នាក់ ដួលបោកផ្ទប់នឹងថ្នល់ រងរបួសក្បាលធ្ងន់ធ្ងរ មានឈាមកកក្នុងក្បាល ដោយសារតែបើកបរម៉ូតូ អត់ពាក់មួកសុវត្ថិភាព កាលពីវេលាម៉ោង
១០និង០៥ នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
បុរសរងគ្រោះមានឈ្មោះ មាស វណ្ណា ហៅបារាំង អាយុ ២៨ឆ្នាំ មុខរបរលក់មាន់រស់ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ បានជិះម៉ូតូម៉ាកស្មាស់រីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM- 4505 បើកបរពីភូមិទួលខ្សាច់ ទៅទិញមាន់ នៅភូមិអូរកណ្តោល ដល់ ចំណុចកើតហេតុ ត្រូវរថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ បើកកៀរដួលនៅកណ្តាលទ្រូងផ្លូវ បណ្តាលអោយ រងរបួសក្បាលធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងតែម្តង។
ចំណែកម៉ូតូបានខ្ទាត ពីកន្លែងកើតហេតុ ចម្ងាយប្រមាណ ៩ម៉ែត្រ ហើយភ្លាមៗនោះ រថយន្តបង្កបានបើកគេច បាត់ស្រមោលតែម្តង។ ប្រជាពលរដ្ឋក្នុងភូមិ បាននាំគ្នាលើកជនរងគ្រោះ មកដាក់លើចិញ្ចើមផ្លូវ ហើយសមត្ថកិច្ច បានហៅរថយន្តសាមុយ ដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ តែគ្រូពេទ្យបានបញ្ជាក់ថា មុខរបួសលើក្បាល មានសភាពធ្ងន់ធ្ងរណាស់ ព្រោះតែមានឈាមកក ក្នុងខួរក្បាល ត្រូវបញ្ជូនបន្តមកភ្នំពេញ៕