ខេត្តឧត្តរមានជ័យ ៖
នៅច្រកអន្តរជាតិអូរស្មាច់ និងច្រកជាំស្រងាំ ក៏ដូចជាច្រករបៀងមួយចំនួនទៀត កំពុងតែមានសកម្មភាព នាំចូលទំនិញគេចពន្ធ មានទាំងស្រាបៀ ប្រេងសាំង គ្រឿងហូបចុក គ្រឿងសំណង់ ម៉ូតូ និងរថយន្តចង្កូតស្តាំ យ៉ាង
គគ្រឹកគគ្រេង ហើយលោក ឆាយ សុធា ជាប្រធានសាខាគយ ខេត្តឧត្តរមានជ័យ ក៏ដូចជាលោក ហង្ស វណ្ណ ជាប្រធានការិយាល័យគយ ប្រចាំច្រកអូរស្មាច់ គឺជាអ្នកឃុបឃិត បើកភ្លើងខៀវឲ្យក្រុមឈ្មួញ ទាំងតូចទាំងធំ រកស៊ីនាំចូលទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ មិនខ្វល់ពីការខាតបង់ ចំណូលថវិកាជាតិនោះទេ។ គេចាំបានថា នៅពេលថ្នាក់លើសួរនាំ លោក ឆាយ សុធា និងលោក ហង្ស វណ្ណ តែងតែអះអាងថា មិនហ៊ានប៉ះពាល់ ទំនិញគេចពន្ធទាំងនោះទេ ព្រោះជារបស់ កងកម្លាំងប្រដាប់អាវុធ និងជាអ្នកមានអំណាច ក៏ចេះតែបិទភ្នែកប្រមូលលុយ ក្រោមតុយ៉ាងរំភើយតែម្តង។
សេចក្តីរាយការណ៍ ពីច្រកអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមឈ្មួញបាននាំគ្នារកស៊ី នាំចូលម៉ូតូ និងរថយន្តចង្កូតស្តាំ មកពីស្រុកសៀម តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រោមការគ្រប់គ្រង របស់លោក ខូង ទីន ហើយក្នុងនាមជាប្រធានការិយាល័យគយ ប្រចាំច្រកអូរស្មាច់ លោក ហង្ស វណ្ណ គឺជាអ្នកឃុបឃិត បើកភ្លើងខៀវឲ្យក្រុមឈ្មួញ ធ្វើអ្វីៗតាមតែអំពើចិត្ត។ ក្រុមអ្នករកស៊ី នាំចូលរថយន្តចង្កូតស្តាំ តាមច្រកអូរស្មាច់ ត្រូវគេស្គាល់ថា ជានាយរងការិយាល័យ សន្តិសុខផ្ទៃក្នុង និងជាប្រធានក្រុមបង្ក្រាបបទល្មើស ប្រចាំខេត្តឧត្តរមានជ័យ កំពុងសុខស្រួល ក្នុងការប្រើប្រាស់ស្បែកជាសមត្ថកិច្ចនគរបាល ទៅរកស៊ីនាំចូលទំនិញគេចពន្ធ ជាពិសេសរថយន្តចង្កូតស្តាំ ជាប្រភេទទំនិញខុសច្បាប់ គ្មានក្រែងញញើត ពីច្បាប់ទម្លាប់អ្វីឡើយ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ការនាំចូលរថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗគេចពន្ធជាច្រើន ធ្វើឡើងតាមរបៀបក្លែងបន្លំ ដូចជា ការប្រមូលទិញពីជនជាតិសៀម ដែលនាំគ្នាជិះរថយន្តចង្កូតស្តាំ ចូលមកលេងល្បែង តាមកាស៊ីណូ ហើយបានវិលត្រឡប់ទៅកាន់ស្រុកវិញ មិនយករថយន្តទៅជាមួយទេ។ ហើយពេលខ្លះទៀត ជនជាតិសៀមជិះរថយន្ត មកដល់កាស៊ីណូ មានអ្នកចាំទទួលបើកចុះ ពីលើភ្នំយ៉ាងរលូនល្អ ដោយជនជាតិសៀមទាំងនោះ បានប្រាប់ទៅអាជ្ញាធរព្រំដែនសៀមថា រថយន្តរបស់ពួកគេ បានដាក់បញ្ចាំដោយសារតែ ចាញ់ល្បែង។ នេះគ្រាន់តែជារូបភាពមួយ ដែលក្រុមឈ្មួញទទួលបានភ្លើងខៀវ ពីលោក ហង្ស វណ្ណ ក្នុងការរកស៊ីនាំចូល រថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗ តាមរបៀបគេចពន្ធ តាមច្រកអន្តរជាតិអូរស្មាច់។
សម្រាប់រថយន្តមួយចំនួន ដែលនាំចូលតាមរបៀបលោតឆ័ត្រ មិនបានបង់លុយជូនលោក ហង្ស វណ្ណ នឹងត្រូវជំនាញគយ ប្រដេញចាប់យកទៅផាកពិន័យ ឬរាយការណ៍យកបុង ទៅថ្នាក់លើ ដែលភាសាសាមញ្ញគេនិយាយថា បង្ក្រាបបទល្មើសលោតឆ័ត្រ ដើម្បីយកស្នាដៃ ដោយសារតែឈ្មួញទាំងអស់នោះ មិនបានរាយការណ៍ ឬបង់លុយជូនពួកគេ។ មន្ត្រីមួយចំនួនប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ បានសម្តែងការទើសទាល់យ៉ាងខ្លាំង ចំពោះអំពើរត់ពន្ធឡានទំនើបៗ និងម៉ូតូដែលកំពុងកើតមាន យ៉ាងអនាធិបតេយ្យ តាមរយៈការជួលជនជាតិសៀម ឲ្យជិះចូលមកកាស៊ីណូ ជាប់តំបន់ព្រំដែន ទើបគេទៅនាំបន្តមកកាន់ ទីរួមខេត្តឧត្តរមានជ័យ យ៉ាងរំភើយគ្មាននរណា ហ៊ានសួរនាំទេ ព្រោះលោក ហង្ស វណ្ណ បានបើកដៃឲ្យក្រុមឈ្មួញធ្វើអ្វីៗ តាមតែអំពើចិត្ត។
នៅច្រកព្រំដែនអន្តរជាតិ អូរស្មាច់ នេះផងដែរ ក្រៅពីការនាំចូលម៉ូតូគេចពន្ធ និងរថយន្តចង្កូតស្តាំ យ៉ាងគគ្រឹកគគ្រេង ក៏មានការនាំចូល ប្រេងសាំងគេចពន្ធ ទាំងស៊ីទែនៗ ចាប់ពីម៉ោង ៥ល្ងាច រួមទាំងទំនិញគេចពន្ធ ជាច្រើនទៀត ដូចជាស៊ីម៉ងត៍ ឥដ្ឋ ការ៉ូ ក៏ដូចជាស្រាបៀលីអូ ផងដែរ ធ្វើឲ្យខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបើនិយាយអំពី ការរត់ពន្ធប្រេងសាំងវិញ ពេលខ្លះគេធ្វើទុយោ បង្ហូរមកពីស្រុកសៀម ចូលទឹកដីខ្មែរដាក់ក្នុងរថយន្ត ក្នុងមួយថ្ងៃៗរាប់សិបតោនឯណោះ ដឹកយកមកលក់ចែកចាយ ក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ សេចក្តីរាយការណ៍ ក៏បានបញ្ជាក់ផងដែរថា ទំនិញគេចពន្ធទាំងនេះ ត្រូវបាននាំចូល តាមច្រកអូរស្មាច់ និងច្រកជាំស្រងាំ ក្នុងស្រុកអន្លង់វែង យ៉ាងអនាធិបតេយ្យ ក៏ព្រោះតែនាយរងសន្តិសុខផ្ទៃក្នុង និងជាប្រធានក្រុមបង្ក្រាបបទល្មើស ប្រចាំស្នងការនគរបាល ខេត្តឧត្តរមានជ័យ ធ្វើជាខ្នងបង្អែក។
ដោយឡែកលោកស្នងការរង ទទួលបន្ទុកផ្នែកព្រំដែន ក៏ដូចជានគរបាលអន្តោប្រវេសន៍មួយចំនួនទៀត មានការជំពាក់ជំពិន យ៉ាងវែងអន្លាយ ជាមួយការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ យ៉ាងអនាធិបតេយ្យ។ មានការរំលឹកផងដែរថា សាខាគយ ខេត្តឧត្តរមានជ័យ ក្រោមការគ្រប់គ្រង របស់លោក ឆាយ សុធា ជាពិសេសលោក ហង្ស វណ្ណ ជាប្រធានការិយាល័យគយ ប្រចាំច្រកអន្តរជាតិ អូរស្មាច់ បានពាក់ព័ន្ធជាមួយ អំពើពុករលួយក្នុងការឃុបឃិតឲ្យក្រុមឈ្មួញ នាំចូលរថយន្តចង្កូតស្តាំ ខុសច្បាប់ និងម៉ូតូគេចពន្ធក្នុងមួយខែៗ មិនដឹងជាខាតបង់ចំណូលថវិកាជាតិ ប៉ុន្មានម៉ឺនដុល្លារនោះទេ។ ទោះជាមានការរឹតបន្តឹង ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ សម្រាប់ការប្រមូលពន្ធ ឲ្យបាន ១០០ភាគរយ ក៏ដោយ ក៏លោក ឆាយ សុធា និងលោក ហង្ស វណ្ណ មិនដែលឈឺក្បាលវិលមុខ ទុកឱកាសឲ្យក្រុមឈ្មួញធ្វើអ្វីៗ តាមតែទំនើងចិត្ត ចាំតែកើបលុយមក ធ្វើមានធ្វើបានផ្ទាល់ខ្លួន៕