រូបថតមួយសន្លឹកខាងក្រោមនេះបានបង្ហាញកាន់តែច្បាស់នូវភាពទ្រុឌទ្រោមនៃផ្ទៃមុខស្ទើរទាំងមូលរបស់
កែវ រំចង់ ក្រោយរង់ការម៉ាត់ពី Yodsanklai នៅ Thai Fight កាលថ្ងៃសៅរ៍មុននេះ។
មួយសន្លឹកនេះទំនងណាស់ដែលថាជាមួយសន្លឹកដែលបង្ហាញនូវគ្រាដ៏ជូរចត់ជាទីបំផុតរបស់អ្នកប្រដាល់មានកេរ្តិ៍ឈ្មោះខ្មែរ កែវ រំចង់ នៅក្នុងជីវិតជាអ្នកប្រដាល់មានប្រិយភាពច្រើនម្នាក់ ខណៈដែលកន្លងមករាល់ជំនួបទាំងអន្តរជាតិឬវាយជាមួយជើងខ្លាំងៗក្នុងស្រុក រំចង់ ពុំដែលធ្លាក់ដល់ស្ថានភាពធ្ងន់ធ្ងរបែបនេះនោះទេ។ ប៉ុន្តែបើទោះជាផ្ទៃមុខឡើងហើមពោរលឹបភ្នែកម្ខាង ក៏ពិតមែនតាមរូបភាព រំចង់ នៅតែបង្ហាញភាពមោះមុតដោយការលើកដៃក្ដាប់យ៉ាងស្វាហាប់។
រូបថត៖ FB Eddie Vendetta
ក្នុងការប្រកួតជាមួយអតីតម្ចាស់ខ្សែក្រវាត់ Muay Thai ពិភពលោក Yodsanklai កាលអាទិត្យមុននេះ រំចង់ បានអស់ដំណើរនៅទឹកទី២ ក្រោមទម្ងន់ដៃរបស់កីឡាករម្ចាស់ផ្ទះ។ ក្រុមអ្នកនិយមវែកញែកប្រដាល់បានស្ដីបន្ទោសថា រំចង់ អាចនឹងជួបស្ថានភាពល្អជាងនោះប្រសិនគេ ព្យាយាមវាយមួយៗ ដោយមិនច្រឡោតខ្លាំងពេកនោះ ហើយក្រុមក៏ទទួលស្គាល់ថា រំចង់ នៅមានបច្ចេកទេសក្រោម Yodsanklai។ ប៉ុន្តែអ្នកខ្លះផ្សេងទៀតក៏បានសរសើរទឹកចិត្តអង់អាចរបស់ កែវ រំចង់ នៅការបង្ហាញខ្លួនជាលើកដំបូងនៅ Thai Fight៕