រាជធានីភ្នំពេញ ៖
បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ព្រួតគ្នាវាយតប់មួយដៃមួយជើង បណ្តាលឲ្យស្លាប់យ៉ាងវេទនា ខណៈដែលជនរងគ្រោះ បានទៅមើលមិត្តភ័ក្រ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤
ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំងង៉ុក អាយុ ២៨ឆ្នាំ ជាជនជាតិវៀតណាម រស់នៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាជាងជួសជុលតុទូ ត្រូវបានមិត្តភ័ក្រ ហៅឲ្យទៅជួយអន្តរាគមន៍ បន្ទាប់ពីជិះម៉ូតូបុករថយន្ត មួយគ្រឿង។ ពេលនោះជនរងគ្រោះ បានទៅមើលគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែត្រូវបាន ប្រជាពលរដ្ឋព្រួតវាយ បណ្តាលឲ្យស្លាប់តែម្តងទៅ ។
សាក្សីបានឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានការព្រួតវាយ ជនរងគ្រោះ រហូតដល់ស្លាប់ បណ្តាលមកពី ប្រជាពលរដ្ឋខ្លះស្រែកថា មានយួនវាយខ្មែរ ទើបបានជានាំគ្នា ព្រួតវាយ ជនរងគ្រោះតែម្តង។ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ វ៉ុន ចាន់វុត្ថា អាយុ ៥០ឆ្នាំ រស់នៅផ្ទះលេខ១០១៥ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាជនបង្កម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ដែលព្រួតវាយជនរងគ្រោះ៕