ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់ស្រាល៥នាក់ ខណៈដែលជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់ពុំស្គាល់អត្តសញ្ញាណឡើយ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C-7891
និងជនរងគ្រោះម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ខ្មៅ ពាក់ស្លាកលេខកណ្តាល
1H-7686
ព្រមទាំងជនរងគ្រោះមួយគ្រឿងទៀតម៉ាកស្មាស់មិនចាំស្លាកលេខ ។ ចំណែករថយន្តកូរ៉េបង្កហេតុមិនចាំស្លាកលេខ
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៧នាក់ជិះម៉ូតូ៣គ្រឿងតាមបណ្តោយផ្លូវបេតុងរួចឆ្លងផ្លូវទាំង៣ម៉ូតូទៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងបត់ទៅកើតស្រាប់តែរថយន្តបង្កហេតុបើកទីលិចទៅកើតបុកម៉ូតូជនរងគ្រោះទាំង៣គ្រឿងពេញទំហឹង រួចអ្នកបើកបរបានដាក់លេខថយក្រោយកិនជនរងគ្រោះ២នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ប្រភពបន្តថា ក្រោយពីកិនជនរងគ្រោះស្លាប់ហើយ អ្នកបើករថយន្តបង្កហេតុបានព្យាយាមបើករត់គេច ពេលនោះជនរងគ្រោះដែលរងរបួសស្រាលបានយកម៉ូតូជិះដេញតាមរថយន្តបង្កហេតុរហូតចាប់បាននៅសង្កាត់បឹកកក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងហៅរថយន្តសង្ក្រោះដឹកជនរងគ្រោះជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗផងដែរ ។
សាកសពជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះនិងរថយន្តបង្កហេតុសមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយបន្ត ៕