ខេត្តកំពង់ធំ ៖ គិតមកដល់សប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ ២០១៤ ប្រជាកសិករខេត្តកំពង់ធំធ្វើស្រូវប្រដេញទឹក និង ស្រូវប្រាំងបានចំនួន ៤០.៧០៤ ហិកតាស្មើនឹង ២៧១,៣៦% នៃផែនការ ១៥.០០០ ហិកតា តិច ជាងឆ្នាំ ២០១២-២០១៣ ចំនួន ៦២៦ ហិកតា ។ ឆ្នាំ ២០១២-២០១៣ កសិករខេត្ត កំពង់ធំអនុ វត្តន៍បានចំនួន ៤១ ៣៣០ ហិកតា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការធ្វើស្រែប្រាំងឆ្នាំនេះមិន ទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ ។ ការធ្វើស្រូវប្រាំងរបស់ប្រជាកសិករនៅ ខេត្តកំពង់ធំ ឆ្នាំ ២០១៣-២០១៤ អនុវត្តន៍បានតិចជាង ឆ្នាំ ២០១២-២០១៣ ចំនួនជាង ៦០០ ហិកតា។
លោក សាង ស៊ីថាន អនុប្រធានការិយាល័យផែនការគណនេយ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា ការដែលកសិករធ្វើស្រែប្រាំងបានតិចនោះគឺដោយ នៅតំបន់ មួយចំនួនខ្វះទឹក ដូចជាទំនប់អាំងទឹកខូចខាតដោយគ្រោះទឹកជំនន់កន្លងមកហើយ បច្ចុប្បន្នកំ ពុងតែធ្វើការជួសជុល ។ លោក សាង ស៊ីថាន ថ្លែងថា ឥឡូវស្រូវប្រដេញទឹក និងស្រូវប្រាំងទាំង មួយចំនួនកំពុងទុំជាបណ្តើរៗហើយ ដោយគិតត្រឹមសប្តាហ៍ទី ២ នេះដែរ ប្រជាកសិករបានធ្វើ ការច្រូតកាត់ប្រមូលផលបាន ១៣០ ហិកតា ដោយទទួលបានទិន្នផលធម្យម ៣,៥៨៨ តោន ក្នុងមួយហិកតា។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅនេះថា បញ្ហាកន្លងមកចំណោទទៅលើកសិករមានហានិភ័យបញ្ហាទីផ្សារ និងតម្លៃដើមខ្ពស់ ដោយកសិករ មួយចំនួនបានទិញទឹកពីក្រុមហ៊ុនផ្គត់ផ្គង់ទឹក និងទិញកម្លាំងពលកម្ម ។ បើសិនជាកសិករផ លិតបានត្រឹម៣តោនទៅ ៣,៥ តោន គាត់បានត្រឹមតែរួចខ្លួនប៉ុណ្ណោះ បើគាត់ផលិតបានទិន្ន ផលលើសពីនោះ គាត់បានចំណេញតិចតួច ។ ចំណែកហានិភ័យមួយទៀតគឺ ខ្វះឡសម្ងួត ដោយកសិករច្រូតស្រូវបានហើយ ត្រូវទិញឧបករណ៍ និងកម្លាំងពលកម្មដើម្បីហាលស្រូវ ។
មន្ត្រីមន្ទីរកសិករកម្មខេត្តកំពង់ធំបានប៉ាន់ស្មានថា ការធ្វើតុល្យភាពស្បៀងអំពីផលស្រូវសម្រាប់ ប្រើប្រាស់ឆ្នាំ ២០១៣-២០១៤ ខេត្តកំពង់ធំ សល់ស្បៀងគិតជាអង្ករចំនួន ២៨៣. ៩៦៤ តោន បើគិតជាស្រូវសល់ចំនួន ៤៤៣.៦៩៣ តោន៕