រាជធានីភ្នំពេញ ៖
បុរសម្នាក់ត្រូវ នគរបាលអន្តរាគមន៍ ខណ្ឌសែនសុខ វាយមួយស្វាយកាំភ្លើងខ្លី បែកក្បាលហូរឈាមជោកខ្លួន ខណៈដែលកំពុងដើរចេញ ពីខារ៉ាអូខេ នគរសំរិទ្ធ កាលពីវេលាម៉ោង ១២និង១៥ នាទីរំលងអធ្រាត្រ ឈានចូល
ថ្ងៃទី៧ ខែកុម្ភៈ មុខហាងកាត់សក់ តារាច័ន្ទ តាមផ្លូវលេខ៣៧៨ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះមានឈ្មោះ ឡោក កក្កដា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅជិត កន្លែងកើតហេតុ បានឲ្យដឹងថា ខ្លួននិងបងប្អូន ៥នាក់ បាននាំគ្នាទៅច្រៀង នៅខារ៉ាអូខេ នគរសំរិទ្ធ ហើយបាននាំគ្នា ដើរត្រឡប់ទៅផ្ទះវិញ មកដល់ចំណុចខាងលើ ស្រាប់តែនគរបាលអន្តរាគមន៍ របស់ខណ្ឌសែនសុខ បានជិះម៉ូតូធុនធំ ៣គ្រឿង មានគ្នា ៦នាក់ប្រដាប់អាវុធ ដើរល្បាតក្នុងមូលដ្ឋាន ហៅពួកគេឈប់សួរថា ទើបនឹងមកពីណា ហើយសុំធ្វើការឆែកឆេរ។
ពេលនោះពួកគេយល់ព្រម ឲ្យឆែកឆេរហើយ តែសមត្ថកិច្ចមិនព្រមឆែកឆេរទេ បែរជាឈ្លោះប្រកែក ជាមួយពួកគេទាំង ៥នាក់។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានដកកាំភ្លើងខ្លី វាយក្បាលរបស់គេ បណ្តាលឲ្យបែកសៀតផ្កា ចំហៀងខាងឆ្វេងហូរឈាម ហើយកម្លាំងអន្តរាគមន៍នោះ បាននាំគ្នាជិះម៉ូតូ ចាកចេញទៅអស់ ។ ទោះបីជាយ៉ាងណា ជនរងគ្រោះបានបង្ហើបថា ពួកគេមិនហ៊ាន ដាក់ពាក្យបណ្តឹង ដោយសារតែអត់ស្គាល់ឈ្មោះ សមត្ថកិច្ចទាំងនោះ ម្យ៉ាងទៀតម៉ូតូដែលជិះនោះ សុទ្ធតែម៉ូតូធុនធំ ហើយអត់មានស្លាកលេខទៀត ៕