រាជធានីភ្នំពេញ ៖
តារាចម្រៀងថ្មីមានក្តីស្រមៃខ្ពស់កញ្ញា តាន់ សូលីតា គឺជាតារាចម្រៀងរលកក្រោយមួយដួងទើបនឹងរះនៅលើវិថីសិល្បៈ ដែលកំពុងតែទទួលបានការគាំទ្រជាបណ្តើរៗ
តាមរយៈបទចម្រៀងមួយចំនួននៅក្នុងផលិតកម្មសាស្តា មានដូចជាបទ សង្សារលីឡឺ អូនសុំបែកបងអត់ព្រម សន្យាទឹកភ្នែក អូនមិនមែនសង្សារហ្វ្រី និងបទចង់ប្រាប់ខ្ញុំចង់បានសង្សារ ដែលកំពុងដណ្តើមយកទីផ្សារគាំទ្របានច្រើនគួរសមពីសំណាក់ក្រុមយុវវ័យ។
នាពេលថ្មីកញ្ញា តាន់ សូលីតា បានប្រាប់ថា នាងគឺជាកូនទី៦ក្នុងចំណោមបងប្អូន៨នាក់(ស្រី៣ប្រុស៥) នាងមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយឪពុកម្តាយ មានមុខរបរជាកសិករមានជីវភាពមិនសូវធូធាប៉ុន្មានទេ។ តារាចម្រៀងវ័យ១៨ឆ្នាំរូបនេះបានបន្តថា នាងមិនមានឈាមជ័រជាអ្នកសិល្បៈទេ ប៉ុន្តែដោយសារនិស្ស័យស្រឡាញ់សិល្បៈចម្រៀងតាំងពីតូចនាងក៏បានតាំងចិត្តយ៉ាងមុតមាំថា នៅថ្ងៃណាមួយនាងនឹងចាប់អាជីពជាតារាចម្រៀងឱ្យបាន ដើម្បីបំពេញក្តីប្រាថ្នារបស់ខ្លួន។
កញ្ញាបន្តថា ដោយសារគ្រួសារមានជីវភាពខ្វះខាតនៅដើមឆ្នាំ២០១២កញ្ញាក៏បានសម្រេចចិត្តបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី១០ មកធ្វើជាកម្មការិនីរោងចក្រកាត់ដេរជាមួយបងស្រីនៅរាជធានីភ្នំពេញ ដើម្បីរកប្រាក់ចំណូលជួយដោះស្រាយបញ្ហាខ្វះខាតមួយចំនួន។ ប៉ុន្តែដោយសារក្តីស្រឡាញ់អាជីពចម្រៀងនៅពេលកំពុងធ្វើការនាងក៏ទទួលបានព័ត៌មានតាមរយៈមិត្តភក្តិគឺផលិតកម្មសាស្តា គេជ្រើសរើសតារាចម្រៀងពេលនោះនាងក៏បានសម្រេចចិត្តសុំបងស្រីទៅដាក់ពាក្យធ្វើតេស្តសំឡេង ហើយនាងក៏មានវាសនាត្រូវបានខាងផលិតកម្មគេជ្រើសយក និងបានច្រៀងប្រចាំផលិតកម្ម នេះចាប់ពីពេលមកផងដែរ។
កញ្ញា តាន់ សូលីតា បានបន្តថា បន្ទាប់ពីមានសម្ពាយកិត្តិយសដ៏ស្តួចស្តើងនោះមក កញ្ញាក៏បានខិតខំហាត់រៀនបណ្តុះទេពកោសល្យបន្ថែមដោយមានក្តីសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃខាងមុខកញ្ញានឹងទទួលបានជោគជ័យពីការព្យាយាមទាំងនេះជាក់ជាមិនខាន។ អាចនិយាបានថា អស់រយៈពេលមួយឆ្នាំមកនេះ កញ្ញា តាន់ សូលីតា ចាប់ផ្តើមសម្រេចនូវគោលបំណងជាបណ្តើរៗហើយ ខណៈដែលនាងមានបទចម្រៀងចេញលក់ស្វាគមន៍ ប្រិយមិត្តបានចំនួនប្រមាណជា៥ទៅ៦បទមានដូចជាបទ សង្សារលីឡឺ អូនសុំបែកបងអត់ព្រម សន្យាទឹកភ្នែក អូនមិន មែនសង្សារហ្វ្រី និងបទ ចង់ប្រាប់ខ្ញុំចង់បានសង្សារ។ ប៉ុន្តែបទដែលទទួលបានការគាំទ្រច្រើនជាងគេនោះគឺបទ “សង្សារលីឡឺ និងបទអូនមិនមែនជាសង្សារហ្វ្រី”។
ជាមួយគ្នានេះកញ្ញាក៏បានប្រាប់ដែរថា នៅពេលខាងមុខនេះកញ្ញាក៏បានត្រៀមបទចម្រៀងមួយចំនួនទៀត ដើម្បីជាការស្វាគមន៍ទស្សនិកជនផងដែរ ប៉ុន្តែបទចម្រៀងថ្មីនេះកញ្ញាមិនទាន់បញ្ជាក់ប្រាប់ចំណងជើង ឬក៏មានអត្ថន័យយ៉ាងណានោះទេ ពីព្រោះខាងក្រុមហ៊ុនមិនទាន់ឱ្យបញ្ចេញព័ត៌មាននេះនៅឡើយ។
តាមរយៈការបង្ហាញឱ្យឃើញពីសមិទ្ធផលទាំងនេះ ទោះបីជាតារាចម្រៀងវ័យក្មេងកញ្ញា តាន់ សូលីតា កំពុងធ្វើឱ្យបណ្តាទស្សនិកជនមានចំណាប់អារម្មណ៍លើទេពកោសល្យនៃការប្រើសំឡេង រួមជាមួយរូបសម្រស់ ដ៏ស្រស់សោភារបស់នាងក្តី ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពកញ្ញាក៏មិនទាន់វាទទីដណ្តើមយកអ្នក គាំទ្របានទូ លំទូលាយដូចតារារៀងច្បងនៅឡើយ។ ពន្លកកេរ្តិ៍ឈ្មោះដ៏ស្តួចស្តែងនេះ វាមិនខុសពីទុំពាំងខ្ចីងាយនឹងស្អុយរលួយពេលត្រូវព្យុះភ្លៀងបកបោកនោះទេ ។ យ៉ាងណាម៉េញកញ្ញា តាន់ សូលីតា មានវ័យក្មេង និងមានរូបសម្រស់ស្រស់សោភាផងនោះ បើកាលណាកញ្ញាទទួលរងនូវព័ត៌មានអាស្រូវនៃរឿងស្នេហា ប្រាកដជាពិបាកនឹងរក្សាប្រជាប្រិយភាពឱ្យនឹងនបានឡើយ។ ប៉ុន្តែចំណុចនេះត្រូវបានកញ្ញាបញ្ជាក់ថា នៅពេលនេះបេះដូងរបស់នាងនៅទំនេរស្អាតមិនទាន់ពាក់ព័ន្ធនឹងរឿងស្នេហាទេ។ ហើយពេលនេះទ្វាបេះដូងរបស់នាងក៏ទាន់បើក ទទួលយកក្តីស្រឡាញ់ពីបុរសណាម្នាក់នៅឡើយ ពោលគឺសព្វថ្ងៃនេះនាងកំពុងខិតខំពង្រឹងអាជីពសិល្បៈ ចំណែករឿងស្នេហានាង មិនទាន់គិតទេ៕