ភ្នំពេញៈ សហជីពធំៗ
៩ បានដាក់ឳសានវាទចំនួន ៣ ថ្ងៃទៅដល់រាជរដ្ឋាភិបាល
និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ឲ្យរៀបចំការចរចាឡើងវិញ
ក្នុងអំឡុងពេល ៣ថ្ងៃហ្នឹង បើមិនដូច្នេះទេ កម្មកររោងចក្រ
នឹងធ្វើកូដកម្មទ្រង់ទ្រាយធំទូទាំងប្រទេស។
មេដឹកនាំសហជីពទាំង៩ រួមមាន លោកអាត់ ធន់
លោករ៉ុង ឈុន លោកជា មុនី លោកប៉ាវ ស៊ីណា លោកស្រី ម៉ម ញឹម និងលោកស្រី យ៉ាង
សុភ័ណ្ឌ លោក សៀង សម្បត្តិ
បានថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ២ មករានេះ
ស្តីពីការប្រកាសជំហររួម ពាក់ព័ន្ធនឹងការតវ៉ារបស់កម្មកររោងចក្រ
ទាមទារការដំឡើងប្រាក់ឈ្មួលអប្បរមា ១៦០ដុល្លារ ថា សហជីពទុកពេលឲ្យ
រាជរដ្ឋាភិបាល និង សមាគមរោងចក្រកាត់ដេរកម្ពុជា រយៈពេល ៣ថ្ងៃ
ដោយឲ្យមានកិច្ចប្រជុំស្តីពីការដំឡើងប្រាក់ឈ្មួលកម្មករឡើងវិញ។
មេដឹកនាំសហជីពបានទាំងនោះបានបញ្ជាក់
ថា កិច្ចប្រជុំក្នុងរយៈពេល ៣ថ្ងៃ ក្នុងថ្ងៃណាមួយក៏បាន ឬ
ដោយភាគីណាក៏បានដែរ ឲ្យកោះហៅខាងសហជីពប្រជុំ
បើមិនដូច្នេះទេកម្មកររោចក្រនឹង
ធ្វើកូដកម្មទ្រង់ទ្រាយធំទូទាំងប្រទេស
គឺធ្វើធំជាងការធ្វើកូដកម្មជាង ១សប្តាហ៍កន្លងមកនេះ។
យ៉ាងណាក៏ដោយ ពួកគេបន្តថា
ប្រសិនបើមានការការចរចា ពួកគេនឹងសុំឲ្យកម្មករផ្អាកការតវ៉ាសិន
និងនៅតែប្រកាន់ជំហរ ទាមទារការដំឡើងប្រាក់ឈ្មួលអប្បរមាឲ្យដល់
១៦០ដុល្លារដដែរ។
ទាំងរាជរដ្ឋាភិបាល និង GMAC មិនទាន់បានចេញលិខិតឆ្លើយតប នឹងឳសានវាទរបស់ក្រុមសហជីពនៅឡើយទេនៅពេលនេះ។
ពាក់ព័ន្ធនឹងលិខិតរបស់ក្រសួងការងារ
ដោយឲ្យ មេដឹកនាំគណបក្សប្រឆាំង និងមេដឹកនាំសហជីព ចំនួន៦
ឲ្យឆ្លើយបំភ្លឺ ចំពោះករណីក្រុមជនមួយចំនួន ដើរបង្កអំពើហិង្សា
បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន នៅតាមរោងចក្រ
នៅរាជធានី និងនៅតាមបណ្តាខេត្តមួយចំនួននោះ
នៅក្នុងសន្នីសីទកាសែតនាព្រឹកនេះ មេដឹកនាំសហជីពកម្មករធំៗ
បានធ្វើការបដិសេធចំពោះបញ្ហានោះ។
ពួកគេ បានបញ្ជាក់ថា
ក្រុមដែលបានបំផ្លាញទ្រព្យសម្បត្តិទាំងនោះ មិនមែនជាសមាជិក
របស់ពួកគេទេ ដោយបានអះអាងថា គឺជាសមាជិករបស់រោងចក្រ
និងសហជីពដែលប្រឆាំងនឹងពួកគេ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ផងដែរ
កម្មកររោងចក្រមួយចំនួន នៅតែបន្តកូដកម្មនៅមុខរោងចក្ររៀងខ្លួនៗ
ដោយពុំមានការហែរក្បួនទេ។
កម្មករនៅតាមរោងចក្រតាមបណ្តោយផ្លូវ
ជាតិលេខ ២ ម្តុំចាក់អង្រែ នៅបន្តកូដកម្មបិទផ្លូវ នៅមុខរោងចក្រ
ខណៈពេលដែល កម្មកររោងចក្រមួយចំនួន នៅតាមផ្លូវជាតិលេខ៤
ក៏មានការធ្វើកូដកម្មមុខរោងចក្រ
ដោយរារាំងកម្មករដទៃទៀតមិនឲ្យចូលធ្វើការ។ ប្រភពព័ត៌មានៈ
ភ្នំពេញប៉ុស្តិ៍