ខេត្តសៀមរាប ៖
បុរសម្នាក់មានអាយុ ៤៨ឆ្នាំ ត្រូវសត្វជ្រូកព្រៃ ១ ក្បាល ខាំខ្វេះរងរបួសពេញខ្លួន រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ស្ថិតនៅក្នុងតំបន់អូរទឹកពុះ ក្នុងភូមិសាស្ត្រ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
ខណៈ ដែលជនរងគ្រោះ បាននាំកូនប្រុស របស់ខ្លួន ដែលមានអាយុ ១២ឆ្នាំ ទៅធ្វើចំការនិងបាន យកគោទៅឃ្វាល នៅក្បែរមាត់ទឹក ក៏ត្រូវជ្រូកព្រៃ វាយប្រហារតែម្តង។
កូនប្រុសជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង៣០ នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ខ្លួននិងឪពុកបាននាំគ្នា ទៅធ្វើចំការនិងបាន យកគោទៅឃ្វាល នៅកន្លែងកើតហេតុ ស្រាប់តែលឺសូរ សម្លេងឆ្កែព្រុះយ៉ាងខ្លាំង នៅម្តុំអូរទឹកពុះ ជិតកន្លែងឃ្វាលគោ។ ពេលនោះ បុរសជាឪពុកនិងកូនប្រុស បាននាំគ្នាទៅមើល ស្រាប់តែឃើញ សត្វជ្រូកព្រៃ ១ក្បាលចេញមកផឹកទឹក នៅជិតគោរបស់គាត់ បណ្តាលឲ្យជ្រូកព្រៃផ្អើល ស្ទុះមកជល់និងខាំ មកលើកូនប្រុស ទាំងកំរោល។
ភ្លាមៗនោះបុរសជាឪពុក បានរត់ចូលទៅជួយកូន ក៏ត្រូវបានសត្វជ្រូកព្រៃ ជល់និងខាំពេញខ្លួន រហូតដល់ស្លាប់ នៅនឹងកន្លែង កើតហេតុតែម្តង។ បច្ចុប្បន្នសពបុរសរងគ្រោះ ដោយសារតែសត្វជ្រូកព្រៃជល់និងខាំ បណ្តាលឲ្យសា្លប់នេះ ត្រូវបានក្រុមគ្រួសារ យកមកធ្វើបុណ្យ ទៅតាមប្រពៃណី បន្សល់ទុកនូវក្តី សោកសង្រេងយ៉ាងខ្លាំង ហើយអ្នកភូមិដទៃទៀត ក៏ត្រូវប្រុងប្រយ័ត្ន ពេលចេញទៅ ធ្វើចំការផងដែរ៕