វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក
បានថ្កោលទោសចំពោះអំពើហិង្សានៅក្នុងប្រទេសកម្ពុជា
ដែលបានបណ្តាលឱ្យពលរដ្ឋកម្ពុជាយ៉ាងហោចណាស់បួននាក់ស្លាប់បាត់បង់
ជីវិត
នៅក្នុងអំពើហិង្សាមួយដែលកើតឡើងជាលើកទីមួយចាប់តាំងពីការ
បង្រ្កាបយ៉ាងឃោរឃៅនៅឆ្នាំ១៩៩៨។
យ៉ាងហោចណាស់មានពលរដ្ឋកម្ពុជាចំនួន៣៧នាក់ផ្សេងទៀតទទួលរងរបួស
និង១៦នាក់ត្រូវចាប់ខ្លួននៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវមួយ
កាលពីថ្ងៃសុក្ររវាងកងកម្លាំងមានសមត្ថកិច្ចនិងក្រុមកម្មកររោងចក្រនៅ
សួនកាណាឌីយ៉ា ផ្លូវវេងស្រេងក្នុងទីក្រុងភ្នំពេញក្នុងខណៈពេលដែល
ពួកគេតវ៉ាទាមទារដំឡើងប្រាក់ខែ
និងសុំឱ្យស្ថានភាពការងាររបស់ពួកគេបានប្រសើរឡើង។
នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកការពារសិទ្ធិមនុស្សនិងសហជីព។
លោកស្រី ម៉ារី ហាហ្វ (Marie Harf)
អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុង
សនិ្នសីទសារព័ត៌មាននៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោននា
ថ្ងៃសុក្រនេះថា៖
«សហរដ្ឋអាមេរិកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិត
មនុស្សនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលការប្រយុទ្ធគ្នាដោយ
ហិង្សារវាងបាតុករនិងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។
យើងថ្កោលទោសចំពោះការប្រើប្រាស់ហិង្សាយកមកធ្វើជាមធ្យោបាយក្នុង
ការសម្រេចនូវគោលដៅនយោបាយឬអ្វីៗផ្សេងទៀត
ហើយទទូចឱ្យគ្រប់ភាគីទាំងអស់ខិតខំអត់ធ្មត់ឱ្យបានជាអតិបរិមានិង
បង្ហាញនូវការគោរពច្បាប់»។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា
សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ដើម្បី
ដោះស្រាយបញ្ហាដែលកំពុងតែញាំញីប្រទេសកម្ពុជា។
«យើងបានទទូចសុំឱ្យសហជីពនិងរដ្ឋាភិបាលធ្វើការជាមួយគ្នាដើម្បី
សម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិវិធីលើការមិនចុះសម្រុងគ្នា
ខាងផ្នែកការងារ
ហើយយើងកំពុងតែធ្វើការយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា
អ្នកនាំចេញ អ្នកបញ្ជាទិញ
អង្គការពលកម្មអន្តរជាតិនិងសហជីពកម្មករកម្ពុជាលើបញ្ហានេះហើយ»។
លោក Eliot Engel
សមាជិកសភាជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា
សហរដ្ឋអាមេរិក
ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សានៅប្រទេសកម្ពុជា
ហើយបានទទូចឱ្យគ្រប់ភាគីទាំងអស់ប្រឹងប្រែងអត់ធ្មត់ឱ្យបានជា
អតិបរិមា
កុំឱ្យអំពើហិង្សានេះហួសផុតពីស្ថានភាពដែលអាចគ្រប់គ្រងបាន។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះលោកEngel
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យក៏
បានបញ្ជាក់ថាក្រុមបាតុករគួរតែប្រគល់ខ្លួនអ្នកដែលប្រើប្រាស់ល្បិច
គឃ្លើននិងឃោរឃៅ
ហើយរដ្ឋាភិបាលក៏ត្រូវដោះស្រាយតាមការទាមទារចង់បានរបស់ក្រុម
បាតុករដែលចង់បានប្រាក់ខែនិងស្ថានភាពការងារប្រសើរឡើង។
ដោយឡែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញក៏បានសេចក្តី
ជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្ននិងជៀសវាងកុំ
ធ្វើដំណើរទៅតំបន់សួនកាណាឌីយ៉ានៅផ្លូវវេងស្រេងមួយរយៈសិន។
មានកម្មកររាប់ម៉ឺននាក់បានចេញមកតវ៉ាចាប់តាំងពីថ្ងៃទី២៤ខែធ្នូ
ដើម្បីទាមទារឱ្យបានប្រាក់ខែចំនួន១៦០ដុល្លារប៉ុន្តែរដ្ឋាភិបាល
បានបញ្ជាក់នៅពេលចុងក្រោយនេះថាពួកគេអាចដំឡើងបានតែ១០០ដុល្លារ
ប៉ុណ្ណោះ។
ចម្លើយនេះមិនបានធ្វើឱ្យក្រុមកម្មករនិងសហជីពមួយចំនួនទទួលយកបាន
ទេហើយបន្តការតវ៉ានៅតាមរោងចក្រដោយមានការបិទផ្លូវផងដែរ។
សហជីពកម្មករក៏បានថ្កោលទោសចំណាត់ការឃោរឃៅរបស់អាជ្ញាធរប្រដាប់
អាវុធរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនហើយបានបញ្ជាក់ថាក្រុមកម្មករនឹងបន្តធ្វើបាតុកម្មតាមរោងចក្រ
ដដែលប៉ុន្តែដោយជៀសវាងមិនប្រឈមមុខនឹងកងកម្លាំងមានសមត្ថកិច្ចដែល
អាចផ្តល់ជាលេសឱ្យពួកគេបង្រ្កាបបាន។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូបានបញ្ជាក់ប្រាប់វីអូអេថា៖
«កម្មករយើងនៅធ្វើតាមបណ្តារោងចក្រសហគ្រាស
គ្រឹះស្ថានដដែលដោយយើងធ្វើក្នុងលក្ខណៈជួបជុំនៅ
មុខរោងចក្រឬក៏មានការប្រមូលផ្តុំគ្នាជាដើមប៉ុន្តែយើងបានអំពាវនាវ
ដល់សមាជិករបស់យើងឱ្យជៀសផុតអំពើហិង្សាទាំងឡាយណាដែលសូម្បី
អាជ្ញាធរវាយក៏ដោយក៏យើងត្រូវអហិង្សាកុំតបតព្រោះ
យើងជាប្រជាពលរដ្ឋធម្មតាគ្មានអាវុធគ្មានអំណាចអីកុំឱ្យគេធ្វើបាប
ដូចព្រឹកថ្ងៃនេះទៀត»។
ក្នុងចំណោមជនរងគ្រោះបួននាក់ត្រូវបានសម្លាប់ក្នុងនោះមានក្មេងស្រី ជាសិស្សសាលាម្នាក់ផងដែរ។
ខុសពីលើកមុនៗដែលអាជ្ញាធរប៉ូលិសប្រកែកថាខ្លួនមិនមែនជាអ្នកបាញ់
សម្លាប់និងមិនបានប្រើគ្រាប់ពិតប៉ុន្តែលើកនេះលោករ័ត្ន ស្រៀង
មេបញ្ជាការកងរាជអាវុធហត្ថ
រាជធានីភ្នំពេញដែលទើបឡើងមកកាន់តំណែងនាពេលថ្មីៗនិងជាអ្នកដឹកនាំ
ការបង្រ្កាបនេះបានបញ្ជាក់ថាការបង្រ្កាបនេះជាការការពារខ្លួន
តែប៉ុណ្ណោះ។
«សមត្ថកិច្ចគ្មានបំណងអ្វីប៉ះពាល់ជាមួយពួកគាត់ទេប៉ុន្តែពួកគាត់មាន
បំណងដើម្បីបង្ក្រាបពួកខ្ញុំវិញ។
អញ្ចឹងខ្ញុំត្រូវបង្ខំចិត្តការពារខ្លួនហើយ»។
លោករ័ត្ន ស្រៀង
បានបញ្ជាក់បន្ថែមថាកងកម្លាំងមានសមត្ថកិច្ចរបស់លោកគឺជាអ្នក
រងគ្រោះប៉ុណ្ណោះហើយប្រឈមមុខនឹងគ្រោះថ្នាក់ពីអាវុធរបស់ក្រុម
បាតុករ។
«គឺគាត់បានប្រើអំពើហិង្សាមកលើកម្លាំងសមត្ថកិច្ច គឺតាំងពីដបសាំង
បានត្រៀមទុកជាមុនតាំងពី ដបសាំង ដុំថ្ម កាំបិត ពូថៅ ដំបង
គ្រប់បែបយ៉ាងទាំងអស់»។
កងកម្លាំងមានសមត្ថកិច្ចដែលគេដឹងថាមានចរិតមិនស្លូតនោះបានរក្សា
ភាពស្ងៀមស្ងាត់អស់រយៈពេលជាយូរបើទោះបីជាប្រឈមមុខនឹង
ការធ្វើបាតុកម្មជាប្រចាំថ្ងៃដែលដឹកនាំដោយគណបក្សប្រឆាំងក៏ដោយ។
អំពើហិង្សានៅក្នុងឆ្នាំថ្មីនេះកើតមានឡើងតែក្នុងរយៈពេលមួយ
សប្តាហ៍គត់បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនបានធ្វើដំណើរវិលត្រឡប់មកពីបំពេញ
ទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមវិញដែលជាដំណើរមួយគណបក្សប្រឆាំង
រិះគន់យ៉ាងខ្លាំង។
ហើយវាស្របគ្នាដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែនកំពុងរៀបចំខួបលើកទី៣៥ឆ្នាំនៃជ័យជម្នះ៧មករា។
លោកភីធឺ តាន់កែវ អ្នកវិភាគឯករាជ្យនៅសហរដ្ឋអាមេរិកក៏
មើលឃើញដែរថាអាជ្ញាធរមានសមត្ថកិច្ចមិនគួរប្រើប្រាស់កម្លាំងហួសហេតុ
រហូតដល់បាត់បង់ជីវិតពលរដ្ឋខ្លួនឯងនោះទេហើយការបាញ់សម្លាប់ដោយ
កាំភ្លើងស្វ័យប្រវត្តិលើបាតុករគឺសុទ្ធតែចេញមកពីបញ្ជាថ្នាក់លើ។
នៅក្នុងសារអេឡិកត្រូនិកមកវីអូអេលោកភីធឺ តាន់កែវបានបន្ថែមថា៖
«វាជាការគួរឱ្យខកចិត្តខ្លាំងណាស់
ជាពិសេសដោយសារតែអ្នកដឹកនាំជិតជួបប្រជុំគ្នាហើយដើម្បីធ្វើការ
ចរចាឡើងវិញស្វែងរកវិធី បំបែកការជាប់គាំងនយោបាយ
ប៉ុន្តែអំពើហិង្សាបែបនេះគឺជាការមិនគួរឱ្យភ្ញាក់ផ្អើលទេ»។
លោកភីធឺបានបន្ថែមថា៖
«រដ្ឋាភិបាលកម្ពុជាគួរតែប្រុងប្រយ័ត្នក្នុងការបន្តប្រព្រឹត្តអំពើ
ហិង្សាដូចនេះទៀតដែលជាសកម្មភាពគ្រោះ
ថ្នាក់ប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់បើមិនដូច្នេះទេអាចនឹងមានផល
ប៉ះពាល់ខាងផ្នែកអន្តរជាតិយ៉ាងធ្ងន់ធ្ងរនៅពេលខាងមុខ។
ពិភពលោកកំពុងតែសំឡឹងមើលប្រកបដោយចិត្តអំណត់និងក្រសែភ្នែកមុត
មួយ»។
គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវឱ្យភាគីរដ្ឋាភិបាលនិងក្រុមកម្មករ
រក្សាភាពអត់ធ្មត់ឱ្យបានដល់កម្រិតអតិបរិមានិងជៀសវាងការប្រើ
អំពើហិង្សា។
ក្នុងពេលជាមួយគ្នានេះដែររដ្ឋាភិបាលកម្ពុជាបានស្តីបន្ទោសដល់
សហជីពកម្មករនិងគណបក្សសង្គ្រោះជាតិថាជាអ្នកញុះញង់កម្មករដើម្បី
បម្រើផលប្រយោជន៍នយោបាយរបស់ខ្លួនហើយឱ្យសហការជាមួយនឹងអាជ្ញាធរ
ដើម្បីវែកមុខអ្នកដែលនៅ ពីក្រោយខ្នងយកមកផ្តន្ទាទោសតាមច្បាប់។
ប៉ុន្តែលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«យើងធ្វើអ្វីៗគឺដើម្បី
ឱ្យប្រជាពលរដ្ឋបានសិទ្ធិសេរីភាពបានទទួលនូវជីវភាពសមរម្យប៉ុន្តែ
យើងត្រូវតែបញ្ចៀសពីអំពើហិង្សា
ជៀសវាងកុំឱ្យមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ។
យើងជឿជាក់ថាយុទ្ធសាស្រ្តរបស់យើងគឺត្រូវប្រកាន់ខ្ជាប់នូវធម៌
អហិង្សា ជំហរអហិង្សាត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។
ដូច្នេះយើងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយយើងពិនិត្យមើលគ្រប់ទិដ្ឋភាព
នៃការតស៊ូរបស់យើងគឺតស៊ូដោយសន្តិវិធីតែគោលដៅរបស់យើងគឺនៅ
តែដដែល»។
គណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតុកម្មយ៉ាងធំមួយទៀតនៅថ្ងៃ
អាទិត្យទី៥ខែមករាខាងមុខនេះដើម្បីតវ៉ាទាមទារឱ្យមានការបោះឆ្នោតឡើង
វិញនិងឱ្យលោកហ៊ុន
សែនចុះចេញពីតំណែងក៏ដូចជាទាមទារដំឡើងប្រាក់បៀវត្សរ៍ដល់
កម្មករនិងមន្ត្រីរាជការផងដែរ៕
លោកស្រី ម៉ារី ហាហ្វ (Marie Harf) ជាអ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងសនិ្នសីទសារព័ត៌មាននៅក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃសុក្រ ទី០៣ មករា ឆ្នាំ២០១៤។