រាជធានីភ្នំពេញ ៖
កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយតំណាងអយ្យការ នៅវេលាម៉ោងប្រមាណ ៤និង៣០ នាទី រសៀលថ្ងៃទី១៨ ខែមករា
ឆ្នាំ២០១៤ បានចុះទៅឃាត់ខ្លួនស្រី្តម្នាក់ ដែលសមត្ថកិច្ច អះអាងថា ជាតារាចម្រៀងឈ្មោះ អ៊ូ រស្មី ពីបទនាំក្មេងស្រី មិនទាន់គ្រប់អាយុ ទៅរួមភេទ ជាមួយអាណិកជន ព្រោះតែចង់ល្បីឈ្មោះ ។
សមត្ថកិច្ចបានឲ្យដឹងថា តារាចម្រៀង អ៊ូ រស្មី បានប្រាប់ក្មេងស្រីរងគ្រោះថា ក្រោយពេលរួមភេទ ជាមួយ ភ្ញៀវរួចហើយនោះ នឹងធ្វើក្លាយជា តារាចម្រៀងដ៏ល្បី នៅក្នុងប្រទេសកម្ពុជា ហើយក្រោយពីទទួលបាន ពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ ដែលមានអាយុ ប្រមាណ ១៤-១៥ ឆ្នាំ សមត្ថកិច្ចបានបើក ការស្រាវជ្រាវ ឈានដល់ការចុះឆែកឆេរ នៅផ្ទះតារាចម្រៀង អ៊ូ រស្មី ស្ថិតនៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងឃាត់ខ្លួន តារាចម្រៀង រូបនេះតែម្តង។
មានការបញ្ជាក់ផងដែរថា តារាចម្រៀង អ៊ូ រស្មី បានលួងលោម ក្មេងស្រីរងគ្រោះ ដែលជាសិស្សសាលា មិនទាន់គ្រប់អាយុ ទៅរួមភេទជាមួយភ្ញៀវ ជាអាណិកជន អស់រយៈពេល ២ថ្ងៃ មកហើយ ដោយសន្យាថា នឹងធ្វើឲ្យក្មេងស្រីរងគ្រោះ ក្លាយជាតារាចម្រៀងដ៏ល្បី។ ក្រោយការចាប់ខ្លួន តារាចម្រៀង អ៊ូ រស្មី ស្រាប់តែមានអន្តរាគមន៍ ជាបន្តបន្ទាប់ សុំឲ្យមានការដោះលែង ប៉ុន្តែទំនងជាគ្មាននរណាហ៊ាន ដោះលែងទេ ព្រោះមានបញ្ចាពីថ្នាក់លើ ឲ្យកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕