មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីសិទ្ធិមនុស្ស រិះគន់ ចំពោះការពង្រាយក្រុមមនុស្សស្លៀកពាក់ស៊ីវិលដែលពាក់កាសនៅត្រចៀក និងពាក់មួយសុវត្ថភាពបិទមុខជិត ដែលត្រូវដាក់ពង្រាយនៅជិតតុលាការកាលពីថ្ងៃអង្គារម្សិលមិញថា ជាមុខសញ្ញាបង្កឲ្យមានហិង្សាដល់ក្រុមអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។
 |
| ក្រុមមនុសុ្សស្លៀកពាក់ឯកសណ្ឋានស៊ីវិលបង្ក្រាបបាតុករ នៅវត្ដភ្នំ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ តាំង វីដា) |
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ មានប្រសាសន៍ទៅកាន់ក្រុមជនស្លៀកពាក់ស៊ីវិល ដែលឈរតម្រៀបជួរប្រមាណ៣០ទៅ៤០នាក់នៅមុខសាលាដំបូងរាជធានីភ្នំពេញនោះថា ដើម្បីឲ្យឃើញយុត្តិធម៌សង្គម ពួកគេ គួរតែបង្ហាញមុខមាត់ជាសាធារណៈឲ្យប្រជាពលរដ្ឋបានឃើញ។
ការដាក់ពង្រាយមនុស្សមិនមានឯកសណ្ឋានត្រឹមត្រូវ នៅមុខសាលាដំបូងរាជធានីភ្នំពេញនោះ ខណៈប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អនុប្រធាន លោក កឹម សុខា និងមេដឹកនាំសហជីពមួយ លោក រ៉ុង ឈុន ចូលបំភ្លឺ តាមដីកាកោះ របស់សតុលាការ ដែលចោទពីបទញុះញង់ឲ្យមានចលាចលក្នុងសង្គម។ ប៉ុន្តែការកោះហៅនេះកើតឡើងក្រោយពីសមត្ថកិច្ចរបស់រដ្ឋាភិបាល បាញ់សម្លាប់អ្នកតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ។
 |
| ក្រុមសមត្ថកិច្ចស្លៀកសំលៀកបំពាក់ស៊ីវិល និងពាក់មួកសុវត្តិភាព ដើម្បីរារាំងការជួបជុំនៅមុខសាលាដំបូង (រូបភាព តាត ឧត្តម) |
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត យល់ថា ការដាក់ពង្រាយក្រុមមនុស្សមិនមានឯកសណ្ឋាននោះ ជាមុខសញ្ញាមួយសម្រាប់រារាំងអ្នកចូលរួមគាំទ្រមេបក្សប្រឆាំង ហើយក្រុមនេះងាយនឹងបង្ករឲ្យមានហិង្សាជាមួយពលរដ្ឋ ដែលជាឱកាសឲ្យសមត្ថកិច្ចវាយបង្ក្រាបលើប្រជាពលរដ្ឋ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD ថា លោកក៏មិនស្គាល់ក្រុមមនុស្សមិនមានឯកសណ្ឋានសមត្ថកិច្ចនោះដែរ។ ប៉ុន្តែ លោកនឹងសួរទៅមន្ត្រីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវពីករណីនេះ ៖
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា កត់សំគាល់ថា ការពង្រាយអ្នកមិនមានឯកសណ្ឋានសម្រាប់ការពារ ឬត្រៀមបង្ក្រាបលើអ្នកចូលរួមគាំទ្រប្រធានបក្សប្រឆាំងនោះ គឺខុសពីនីតិវិធីច្បាប់។
កាលពីដើមឆ្នាំ២០១៤ កងទ័ពពិសេស ឆ័ត្រយោងលេខ៩១១ បានបង្ក្រាប កម្មករដែលតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅរោងចក្រយ៉ាកជីង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈកម្មករទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ១៦០ដុល្លារ។ ការប្រើទាហានមកបង្ក្រាបការតវ៉ានេះរបស់ពលរដ្ឋនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សជាតិនិងអន្តរជាតិ។ បន្ទាប់មកទៀត សមត្ថកិច្ចប្រដាប់ដោយកាំភ្លើង បានបាញ់គ្រាប់ពិតសម្លាប់អ្នកតវ៉ានៅតាមផ្លូវវែងស្រេង និងវាយដំយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែក្រោយមកអាជ្ញាធររាជធានី បានប្រើក្រុមមនុស្ស ដែលមិនមានឯកសណ្ឋានជាសមត្ថកិច្ចនេះ ដេញវាយលើក្រុមបាតុករ នៅទីលានប្រជាធិបតេយ្យ ឲ្យរត់ខ្ចាត់ខ្ចាយ ដើម្បីបញ្ឈប់ការតវ៉ា៕