រតនគីរី៖ រថយន្តហ្វុយសូ ដឹកស័ង្កសី
មួយគ្រឿងបើកកាត់ក្រុងបានលុងយ៉ាងលឿន ទៅបុកម៉ូតូ មួយគ្រឿង
ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលអោយមនុស្សខ្ទាត់ ចេញពីម៉ូតូ ប្រហែល២០ម៉ែត្រ
បណ្ដាលអោយអ្នកជិះម៉ូតូ រងរបួសធ្ងន់ទាំង៣នាក់ តៃកុងបើកទ្វាដេសាក់ប្រុច
ឥតងាកក្រោយ ។
ហេតុការនេះកើតឡើងវេលាម៉ោង១១.៣០នាទី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤
ក្នុងភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី
តាមបណ្ដោយផ្លូវជាតិលេខ៧៨ មុខការាសសាំង តេលា ។
រថយន្តបង្កហេតុម៉ាក ហ្វុយសូ ព៌ណក្រហម ក្បាលស ពាក់ស្លាកលេខ ភ្នំពេញ.៣A.២៧៤៥
អ្នកបើកបររថយន្តឈ្មោះ ប៊ុន ហាច ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅភូមិស្គុន
ឃុំស្គុន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត ក្រោយពេលកើតហេតុ
តៃកុងរត់បាត់ ម៉ូតូរង្គ្រោះម៉ាក វេវឆ្លាម ព៌ណក្រហម ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ.១AN.៨៦៧៧ ជិះគ្នា៣នាក់ ១.ឈ្មោះ ហៅ ហាក់
ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិថារងស្វាយ ឃុំអូជុំ
ស្រុកអូរជុំ ខេត្តរតនគីរី ជាអ្នកបើកបរម៉ូតូ ២.ឈ្មោះ ហុក ឌីណា
ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង
ខេត្តរតនគីរី ៣.ឈ្មោះ ហ៊ាន ចន្ថា ភេទស្រី អាយុ៣៨ឆ្នាំ
នៅភូមិត្រពាំងជ្រេះ ឃុំត្រពាំងជ្រេះ ស្រុកកូនមុំ ខេត្តរតនគីរី
អ្នកទាំង៣នាក់របួសធ្ងន់ ចំណែកម៉ូតូខូចខាតបន្តិចបន្តួច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូវេវ
មួយគ្រឿងជិះគ្នា៣នាក់ មានទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងផ្លូវបំបែកជាបួន
ចំណុច កើតហេតុខាងលើ ស្រាប់ មានរថយន្តហ្វុយសូ បើកបរពីលិចទៅកើត
ខ្វែងទិសគ្នា បោះពួយយ៉ាងលឿន ទៅបុកម៉ូតូនោះចំពីមុខពេញទំហឹង
បណ្តាលអោយមនុស្ស ទាំង៣នាក់ ផ្លោងចេញពីម៉ូតូ ប្រហែល២០ម៉ែត្រ
ទៅបោកនិងចិញ្ចើមថ្នល់យ៉ាងទម្ងន់ ចំណែកអ្នកបើកបររថយន្តចុះរត់បាត់។
បច្ចុប្បន្ន អ្នករង្គ្រោះទាំង៣នាក់ ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត
រីឯម៉ូតូជនរង្គ្រោះ និងរថយន្តបង្កហេតុ ត្រូវបាននគបាល
ចរាចរណ៍យកទៅរក្សាទុក នៅស្នងការខេត្ត ដើម្បីហៅម្ចាស់រថយន្ត និងតៃកុង អោយចូលខ្លួនមកដោះស្រាយ
។ ដោយ ហាង រ៉ាត់