បើករថយន្តជែងមិនផុតទៅបុកម៉ូតូសំណាងល្អគ្រាន់តែក្រឡាប់ផ្ងាជើងខ្លួនឯងនិងរបួសស្រាលអ្នកជិះម៉ូតូម្នាក់
ខេត្តកណ្តាល ៖ រថយន្តម៉ាកកូរ៉ូឡា១គ្រឿងបានក្រឡាប់ផ្ងាជើងទ្រមេឃ ខណៈម្ចាស់បើកជែងរថយន្ត១គ្រឿងទៀតមិនផុតក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យអ្នកបើម៉ូតូ ម្នាក់ឯងដួលរងរបួសស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិធ្យូង ឃុំវិហារហ្លូង ស្រុកពញាឮ ខេត្តកណ្តាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះខាងអ្នកបើករថយន្តនិងអ្នករួមដំណើរ៣នាក់ទៀតមិនរងរបួសទេ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ ម៉េង ហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ រួមដំណើរជាមួយប្រពន្ធ និងកូនតូច២នាក់ទៀតបានបើករថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2U-8295 ។ ចំណែកអ្នកជិះម៉ូតូដែលរងរបួសស្រាលឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL-2953។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុខាងលើបានបើកពីជើងទៅត្បូងសំដៅទៅភ្នំពេញ ខណៈបើមកដល់ដល់ចំណុចកើតហេតុអ្នកបើករថយន្តនោះបានបើកជែងរថយន្ត១គ្រឿងទៀតមិនផុតក៏ជ្រុលទៅបុកម៉ូតូសេ១២៥ដែលជិះម្នាក់ឯងបើកច្រាស់ទិសគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូដួលបោកទៅនឹងផ្លូវជាតិរួចរថយន្តបង្កក៏បានក្រឡាប់ផ្ងាជើងឡើងលើខ្លួនឯង តែសំណាងល្អអ្នកបើករថយន្តដឹកក្រុមគ្រួសារទាំងអស់មានគ្នា៤នាក់គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។បន្ទាប់ពីក្រឡាប់ហើយអ្នកបើកបររថយន្ត រួមនឹងក្រុមគ្រួសារបានបើកទ្វាររថយន្តលូនចេញមកក្រៅធ្វើព្រងើយ រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល ។
ក្រោយយកើតហេតុកម្លាំងនគរបាលចរាចរណ៍ស្រុកបានធ្វើការដកហូតរថយន្តបង្កនិងម៉ូតូជនរងគ្រោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីរង់ចាំភាគីទាំង២ចូលខ្លួនមកសម្របសម្រួលនិងដោះស្រាយគ្នាតាមនីតិវិធី ៕