រាជធានីភ្នំពេញ ៖
បុរសម្នាក់ត្រូវបានប្រជាតុលាការកាត់ទោសមួយដៃ មួយជើង ទើបប្រគល់ឲ្យទៅសមត្ថកិច្ច ខណៈដែលជននេះបានធ្វើសកម្មភាពលួចកាច់សោរម៉ូតូមិនបានសម្រេច ។
ហេតុការណ៍បានកើតឡើងកាលពី វេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្សារត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលប្រជាពលរដ្ឋវាយ រួចប្រគល់ឲ្យសមត្ថកិច្ចមានឈ្មោះទែន ឌី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតក្នុងភូមិក្តៀងរាយ ឃុំក្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះមានឈ្មោះ ឆាយ សោភ័ណ្ឌ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់ផ្ទះជួល ក្នុងកន្លែងកើតហេតុខាងលើ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1F-3195 មកឈប់នៅមុខផ្សារត្រពាំងឈូក ហើយចតម៉ូតូនៅមុខផ្សាររួចដើរចូលទៅក្នុងផ្សារ ។ ពេលចូលទៅរកទិញម្ហូបអាហារប្រមាណ៥នាទីបានត្រឡប់មកអើតមើលម៉ូតូម្តងរួចមកហើយ គឺឃើញម៉ូតូនៅចតកន្លែងដដែល ។ ប៉ុន្តែខណៈពេលដែលជនរងគ្រោះដើរចូលទៅក្នុងផ្សារម្តងទៀត ស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចយកម៉ូតូនេះតែម្តង ។ ពេលឃើញដូចនេះជនរងគ្រោះបានស្រែកឡើងផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋដែលនៅក្បែរនៅនាំគ្នាព្រួតវាយតែម្តង ទើបប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យត្រូវបាននៅខ្លួនទៅឃុំបណ្តោះអាសន្ននៅអធិការរដ្ឋាន និងកសាងសំណុំរឿង ដើម្បីចំណាត់ការបន្ត៕