ប្រភព៖ កម្ពុជាថ្មី
សៀមរាប ៖
អ្នកបើកបររថយន្ដចំនួនពីរគ្រឿងបានបើកប្រដេញគ្នាក្នុងល្បឿនយ៉ាង
លឿននៅតាមបណ្ដោយផ្លូវជាតិលេខ៦
លុះមកដល់ផ្លូវបត់កែងក្បែរស្ថានីយប្រេងសាំងតូតាល់
ក៏បានជ្រុលទៅបុកសិស្សសាលាម្នាក់កំពុងជិះកង់ស្លាប់ភ្លាមៗនៅ
នឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ
កើតឡើងនៅវេលាម៉ោង១៧និង៥នាទីថ្ងៃទី៣១ ខែធ្នូ២០១៣
ត្រង់ចំណុចផ្លូវបត់កែងក្បែរស្ថានីយប្រេងតូតាល់
ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មន្ត្រីប៉ូលិសចរាចរលោក ព្រឹន្ទបាលឯកញឹក សុខុន
ដែលបានចុះទៅដល់កន្លែងកើតហេតុនេះ បានមានប្រសាសន៍ថា
ហេតុការណ៍គ្រោះថ្នាក់នេះគឺបណ្ដាលមកពីអ្នកបើកបររថយន្តទាំងពីរគ្រឿង
នេះបើកប្រដេញគ្នានៅតាមផ្លូវសាធារណៈ ដោយគ្មានការប្រុងប្រយ័ត្ន
បណ្ដាលឲ្យបុកចំក្បាលសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង
កើតហេតុ។ មន្ត្រីចរាចរដដែលបន្ដទៀតថា
បន្ទាប់ពីបុកស្លាប់កុមារីរងគ្រោះ
ភ្លាមៗជនបង្កនាំគ្នារត់យករួចខ្លួនបាត់ដោយបន្សល់ទុកនូវរថយន្ដបង្ក
ពាក់ស្លាកលេខ សៀមរាប3A-7486 របស់ក្រុមហ៊ុនផលិតទឹកម្ទេស ចុងភៅមាស
ដើម្បីអូសយកទៅកន្លែងការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាន
ខេត្តសៀមរាបចាត់ការ និងស្វែងរកជនបង្កដើម្បីចាត់ការតាមផ្លូវច្បាប់។
មន្ត្រីចរាចរដដែលបន្ដទៀតថា សពកុមារីរងគ្រោះមានឈ្មោះផែង
ស្រីល័ក្ខអាយុ១០ឆ្នាំរៀននៅសាលាបឋមសិក្សាបន្ទាយចាស់
ហើយបច្ចុប្បន្ននេះក្រុមគ្រួសារជនរងគ្រោះបានរៀបចំធ្វើបុណ្យធ្វើតាម
ប្រពៃណី។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា
រថយន្ដទាំងពីរនោះទំនងជាចេញពីផឹកស៊ី ហើយបើកប្រដេញគ្នា
ធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកធ្វើដំនើរតាមដងផ្លូវជាតិ
លេខ៦ នេះយ៉ាងខ្លាំង។
សាក្សីបន្ដទៀតថា អាជ្ញាធរ
និងសមត្ថកិច្ចពាក់ព័ន្ធនានាគួររួមគ្នាជួយទប់ស្កាត់បន្ថែមទៀតផង
ព្រោះគ្រោះថ្នាក់ចរាចរសព្វថ្ងៃនេះ
មានសភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងទឹកដី តំបន់ទេសចរ
សៀមរាបអង្គរ៕