ខេត្តប៉ៃលិន ៖ ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណៈពួកគេជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីកើតទៅលិច កិនលើកូនឈើមូល ១ដើម រអិលដួល បណ្តាលឲ្យស្រ្តីជាប្រពន្ធដួលផ្កាប់មុខបោកទៅនឹងថ្នល់រងរបួសធ្ងន់សន្លប់នៅនឹងកន្លែង ចំណែកបុរសជាប្តីរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី២២ ធ្នូ ២០១៣ នៅលើផ្លូវជាតិលេខ៥៧ ចំណុចក្បែរផ្លូវចូលទីលានចាក់សំរាមប៉ៃលិន ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ផុត ទីម៉ាស់ អាយុ ៤២ឆ្នាំ ជាកសិករ ជនជាតិខ្មែរ-អ៊ីស្លាម រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង រងរបួសរយះមុខផ្នែកខាងស្តាំ ដេរ ១៣ថ្នេរ និងរលាត់ដៃទាំងសងខាង សន្លប់នៅនឹងកន្លែង។
ចំណែកប្តីឈ្មោះ ឡោះ សូនី អាយុ ៤៧ឆ្នាំ ជាជាងដំដែក រងរបួសរលាត់ជង្គង់ខាងស្តាំ និងរលាត់កែងដៃទាំងសងខាងរបួសស្រាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-3246 រងការខូចខាតស្រាល។
ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ជើងគោក នៃស្នងការនគរបាលខេត្តប៉ៃលិន បាននាំយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំម្ចាស់មកទទួល៕
