សិស្សសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្ត Hunan ប្រទេសចិនចំនួន១៩នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីបានញ៉ាំទឹកដោះគោជូរដែលស្ត្រីម្នាក់បានឲ្យពួកគេពេលចេញពីសាលារៀនកាលពីដើមសប្ដាហ៍មុននេះ។
ប៉ូលិសបានឃុំខ្លួនស្ត្រីវ័យ៣៤ឆ្នាំម្នាក់ ដោយសង្ស័យថាមានបញ្ហាស្មារតីមិនប្រក្រតី និងអាចមានជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យកុមារពុលខាងលើ។ បន្ទាប់ពីឃុំខ្លួនអស់មួយរយៈ ស្ត្រីរូបនោះក៏បានសារភាពថា នាងបានចាក់ថ្នាំបំពុលកណ្ដុរចូលក្នុងទឹកដោះគោជូរ រួចយកទៅឲ្យក្មេងៗពេលចេញពីសាលាទៅផ្ទះ តែមិនបានប្រាប់ថានាងធ្វើដើម្បីអ្វីនោះទេ។
តាមសម្ដីរបស់គ្រូពេទ្យដែលបានពិនិត្យនិងព្យាបាលក្មេងៗខាងលើបានឲ្យដឹងថា ក្នុងចំណោមក្មេងទាំង១៩នាក់ មានតែ៣នាក់ប៉ុណ្ណោះដែលមានសភាពធ្ងន់ធ្ងរ ប៉ុន្តែមិនបណ្ដាលឲ្យប៉ះពាល់អាយុជីវិតឡើយ។ បច្ចុប្បន្ន ប៉ូលិសកំពុងបើកការស៊ើបអង្កេតបន្ថែមទាក់ទិននឹងករណីខាងលើនេះ។
ដោយ nob70