រាជធានីភ្នំពេញ៖ ស្ត្រីខ្មែរម្នាក់ដែលត្រូវថៅកែកាស៊ីណូមួយនៅក្រុងបាងកក ប្រទេសថៃ បានចាប់សម្រាតសល់តែខោក្នុងធ្វើទារុណកម្ម កាលពីសប្តាហ៍មុននោះ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសថៃ សហការជាមួយអាជ្ញាធរថៃធ្វើការរំដោះ និងបានបញ្ជូនមកកម្ពុជាវិញ ហើយនៅព្រឹកថ្ងៃទី១៨ ធ្នូ ២០១៣ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកកុយ គួង ដែលបំភ្លឺប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ធ្នូ ២០១៣ ។
បើតាមលោកកុយ គួង ស្ត្រីខ្មែរដែលបម្រើការងារក្នុងកាស៊ីណូ រួមជាមួយស្ត្រីជនជាតិថៃម្នាក់ទៀតដែលត្រូវថៅកែចាប់សម្រាតធ្វើទារុណកម្មនោះឈ្មោះ ថាប់ ធីតា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងថា មកដល់ពេលនេះនាងមានសុខ ភាពល្អប្រសើរទេ ។
គួររំលឹកថា តាមប្រភពព័ត៌មានពីមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំនៅក្រុងប៉ោយប៉ែត ដែលមានដៃគូនៅឯប្រទេសថៃ បានឱ្យដឹង កាលពីរសៀលថ្ងៃទី១៧ ធ្នូ ថា នារីខ្មែរ២នាក់ (បើតាមលោកកុយ គួង ខ្មែរតែម្នាក់ប៉ុណ្ណោះ ឯម្នាក់ទៀតជនជាតិថៃ) ជាបុគ្គលិកបម្រើការនៅក្នុងក្លិបល្បែងស៊ីសងលួចលាក់មួយកន្លែង នៅក្នុងក្រុងបាងកក ប្រទេសថៃ ត្រូវថៅកែជាជនជាតិថៃចាប់វាយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត ។ មិនតែប៉ុណ្ណោះពួកគេបានចាប់ដោះសម្លៀកបំពាក់ចេញសល់តែខោលីអូ ហើយថតរូបបិទផ្សាយជាសាធារណៈទៀត កាលពីសប្តាហ៍មុន ។
ហេតុការណ៍អមនុស្សធម៌ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងបន្ទាប់ពីថៅកែថៃរូបនោះបានចាញ់ល្បែងអស់ចំនួន៧លានបាត (ប្រាក់ថៃ) ហើយចោទប្រកាន់បុគ្គលិកទាំង២នាក់ ដែលមានជំនាញខាងចែកបៀថា បានឃុបឃិតជាមួយភ្ញៀវឱ្យលេងឈ្នះ ដើម្បីយកប្រាក់ចែកគ្នា ។
រូបថតស្ត្រី២នាក់ដែលត្រូវគេធ្វើទារុណកម្មឱ្យស្រាតសម្លៀកបំពាក់ត្រូវមិត្តភក្តិដែលធ្វើការជាមួយលួចថតរូបពួកគេ នៅគ្រាដែលនាងទាំង២នាក់ត្រូវគេធ្វើទារុណកម្មនៅក្នុងបន្ទប់កាស៊ីណូមួយដែលគេមិនស្គាល់ឈ្មោះនៅប្រទេសថៃ ព្រោះជាកន្លែងលួចលាក់ ហើយបានបង្ហោះរូបភាពនាងតាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) ដើម្បីជូនព័ត៌មានមកក្រុមគ្រួសាររបស់នាងនៅស្រុកខ្មែរឱ្យបានដឹង ដើម្បីជួយនាងផង ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា នារីខ្មែររងគ្រោះធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូហូលីដេ ក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកចែកបៀ ហើយនាងជានារីស្លូតត្រង់ និងធ្លាប់បានទទួលប័ណ្ណសរសើរពីក្រុមហ៊ុនផងដែរ ។ ពាក់ព័ន្ធនឹងបញ្ហាទាំងអស់ខាងលើនេះ មន្ត្រីអង្គការការពារសិទ្ធិមនុស្ស និងជនចំណាកស្រុក និងអង្គការសង្គមស៊ីវិលផ្សេងទៀត មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនារីរងគ្រោះទាំង២នាក់នោះ ខណៈដែលថៅកែថៃចិត្តកំណាចរូបនោះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើសិទ្ធិមនុស្សដែលមិនអាចទទួលយកបាន ដូចជាចាប់សម្រាតសម្លៀកបំពាក់ឱ្យអាក្រាត ហើយថតផ្សាយជាសាធារណៈបែបនេះថែមទៀត ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលធ្វើការនៅបរទេស សូមទៅដោយស្របច្បាប់ និងថតចម្លងលិខិតឆ្លងដែន ព្រមទាំងប្រាប់ទីតាំងធ្វើការ និងមុខងារឱ្យបានច្បាស់លាស់ជូនដល់ស្ថានទូតខ្មែរប្រចាំប្រទេសនោះ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍ទាន់ពេលវេលាក្នុងករណីកើតមានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចខាងលើ ។
ប្រភព កោះសន្តិភាព