បេក្ខជនដែលមានបំណងឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២ ខែកុម្ភៈ នៅខេត្តភាគខាងត្បូងនៃប្រទេសថៃ មិនអាចដាក់សំណុំឯកសាររបស់ពួកគេបានទេ នៅថ្ងៃនេះ ដោយសារក្រុមអ្នកប្រឆាំងបន្តបិទមណ្ឌលចុះឈ្មោះ។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា អ្នកតវ៉ាមកពីគណៈកម្មាធិការប្រជាជនធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ទាមទារឲ្យមានការធ្វើកំណែទម្រង់នយោបាយមុនការបោះឆ្នោត។ ពួកគេបានបិទផ្លូវចូលក្នុងសាលា ជាកន្លែងចុះឈ្មោះបោះឆ្នោតនៅខេត្តប៉ាតាលុង នៅភាគខាងត្បូង។
ទោះយ៉ាងណា មន្រ្តីនៃការិយាល័យរៀបចំការបោះឆ្នោតប្រចាំខេត្ត និងមន្ត្រីនគរបាល ព្យាយាមចរចាជាមួយក្រុមបាតុករ ដើម្បីចូលបំពេញការងារ តែអ្នកតវ៉ាមិនអនុញ្ញាត ឲ្យអ្នកណាម្នាក់ចូលបានទេ៕