លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃសុក្រនេះ បដិសេធការទាមទារឲ្យបោះឆ្នោតឡើងវិញ ខណៈដែលគណបក្សសង្គ្រោះជាតិ បន្តបាតុកម្មហែតាមដងផ្លូវស្ទើររាល់ថ្ងៃសុំឲ្យលោក ចុះចេញពីតំណែង ហើយបោះឆ្នោតឡើងវិញ។
លោក ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ចេញពីប្រជុំសភាដើម្បីបោះឆ្នោតតែងតាំងលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ចម ប្រសិទ្ធ
ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលត្រូវបំបែកជាពីរនោះ ថាការបោះឆ្នោតឡើងវិញ មិនអាចធ្វើទៅបានទេ ព្រោះសភាបច្ចុប្បន្នមិនត្រូវបានរំលាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ៖
“អ្នកដែលមិនគាំទ្រខ្ញុំ មិនមែនត្រឹមតែថ្ងៃនេះទេ តាំងពីជំនាន់ក្រោយពីរំដោះពី ប៉ុលពត ភ្លាមក៏គេចង់ឲ្យខ្ញុំចាកចេញពីតំណែងរួចទៅហើយ
អញ្ជឹងខ្ញុំគ្មានការភ្ញាក់ផ្អើលចំពោះការទាមទារ ហើយក៏ខ្ញុំដឹងដែរ ថាអ្នកណា អ្នកឲ្យសរសេរអំពី “ហ៊ុន សែន អើយចាកចេញទៅ” នោះខ្ញុំដឹង មិនមែនអ្នកធ្វើបាតុកម្មធម្មតាទេ ក៏ប៉ុន្តែគឺជាមេដឹកនាំនយោបាយ ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះក៏ចុះតាមរដ្ឋធម្មនុញ្ញ អញ្ជឹងសូមបញ្ជាក់ឲ្យហើយ គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការកំណត់
ពីការបោះឆ្នោតមុខអាណត្តិនោះទេ”។
ខណៈលោក ហ៊ុន សែន កំពុងផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាននោះ មានសំឡេងផ្ទុះមួយបានលាន់ឡើងនៅវិមានរដ្ឋសភា បន្ទាប់មកលោកក៏បានបញ្ចប់ការធ្វើសន្និសីទនោះ។
លោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចទាក់ទងបានទេនៅម៉ោងជិត១២ថ្ងៃត្រង់នេះ។ ប៉ុន្តែលោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្ក្រោះជាតិ
មានប្រសាសន៍ថា គណបក្សនេះនៅតែប្រកាន់ជំហរបាតុកម្មទូទាំងប្រទេស ៖ “គោលជំហររបស់គេ គឺបែបនោះ ប៉ុន្តែយើងមិនមានខ្លាចទេ
យើងមិនមានថយក្រោយទេ ការទាមទាររបស់យើង ប៉ុន្តែយើងនៅប្រកាន់គោលជំហរយើង គឺអហិង្សា ទោះយើងធ្វើអ្វីក៏ដោយ គឺអហិង្សា”។
នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា មានតែដំណោះស្រាយតាមផ្លូវចចារវាងមេដឹកនាំគណបក្សទាំងពីរឡើងវិញ
ទេ ទើបបញ្ចៀសហិង្សា នៅពេលដែលកម្តៅនយោបាយកើនឡើង ៖ “ថ្នាក់កំពូលជជែកគ្នាទៅ តើដោះស្រាយនយោបាយនោះ គេដោះរបៀបណា
ស្អីដែលគោលការណ៍ធំៗ ដែលអាចឯកភាពគ្នាបាន កន្លងមកដូចថាឯកភាពគ្នាពីគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ឧទាហរណ៍ យកគោលការណ៍នោះមកជជែក អ្វីទៅជាការឈ្នះទាំងអស់គ្នា ហើយធ្វើម៉េចដើម្បីធានាការឈ្នះ ទាំងអស់គ្នាឲ្យបានដូចគ្នានោះ ព្រោះការបោះឆ្នោតកន្លងមកនេះ វាមិនទាន់ធានាថា ការបោះឆ្នោតនេះវាយុត្តិធម៌ ពេញលេញទេ អ៊ីចឹងការដាក់សម្ពាធខាងនយោបាយ ដោយ អំពើហិង្សា នោះគឺសុទ្ធតែជាបញ្ហា ដែលជួបនូវហានិភ័យខ្ពស់ អំពីផលប៉ះពាល់និងមហន្តរាយ ដែលអាចជួប ដែលយើងមិនអាចប៉ាន់ស្មានដល់”។
គណបក្សសង្គ្រោះជាតិ បានដាក់ឱសាទចំនួន៣ខែ ឲ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា រៀបចំបោះឆ្នោតឡើងវិញ ហើយលោក ហ៊ុន សែន ចុះចេញពីតំណែង
និងព្រមានបាតុកម្មបិទផ្លូវ នៅដើមឆ្នាំ២០១៤ខាងមុខនេះ៕
(សំឡេងផ្ទុះមួយបានលាន់ឡើង ខណៈលោកនាយករដ្ឋមន្រ្តី ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅវិមានរដ្ឋសភាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៣ នៅនាទី ៣:១៣)
ប្រភព : vodhotnews