តារាចម្រៀងប្រចាំ នៅផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត ដែលបានរួចជីវិត ពីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់
និងសាច់ញាតិជនរងគ្រោះ ដែលបានស្លាប់៤នាក់ ផ្សេងទៀត នៅតែមិនទាន់ទទួល បានទទួលប្រាក់សំណង ពីក្រុមហ៊ុនបង្កគ្រោះថ្នាក់ SK និង ក្រុមហ៊ុនធានារ៉ាប់រង កាំមិនកូ នៅឡើយទេ បើទោះបីសាលាដំបូងខេត្តព្រះសីហនុ ចេញសាលដីការ បង្គាប់ឲ្យក្រុមហ៊ុនទាំងពីរ សងសំណងដល់ជនរងគ្រោះយ៉ាងណាក្តី។
កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៣ លោក ខេមរៈ សិរីមន្ត រួមជាមួយតារាកំប្លែងនាយកុយ យាយណាង និងក្រុមគ្រួសារជនរងគ្រោះ មួយចំនួនទៀត បានធ្វើសន្និសីទសារព័ត៌មាននៅស្នាក់ការសមាគម សិល្បករខ្មែរ ដោយគ្មានវត្តមានភាគី តំណាងភាគីក្រុមហ៊ុន ដើម្បីបញ្ជាក់ពីចំណាត់ ការរបស់ខ្លួន ក៏ដូចជាសាលដីការបស់តុលាកា លើក្រុមហ៊ុនទាំងពីរខាងលើ ប្រសិនបើពួកគេ នៅតែមិនដោះស្រាយសំណងឲ្យខ្លួន ជាជនរងគ្រោះនោះ។
លោក ខេមរៈ សិរីមន្ត បាននិយាយថា សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចសាលាដីការឲ្យថា ឲ្យក្រុមហ៊ុនទាំងពីរសង សំណងដល់ជនរងគ្រោះ ។ តែក្រុមហ៊ុន SK បានសម្រេចប្តឹងបន្តមកសាលាឧទ្ធរណ៍ ។ ចំណែកឯក្រុមហ៊ុនធានារ៉ាប់រង កាំមិនកូ ត្រូវតែផ្តល់សំណងដល់ជនរងគ្រោះម្នាក់ ៥០០០ដុល្លារជាដាច់ខាត ។
ប្រធានសមាគមសិល្បករខ្មែរ លោក សុះ មាច និយាយថា ខ្លួននឹងចេញមុខរកមេធាវី ដើម្បីជួយដោះស្រាយលើបញ្ហានេះ ធ្វើយ៉ាងណាជួយជនរងគ្រោះឲ្យបានទទួលសំណងតាមអ្វីដែល តុលាការសម្រេចនិងទទូចឲ្យក្រុមហ៊ុនចូលខ្លួនដោះស្រាយឲ្យបានឆាប់។
ជាមួយគ្នានេះ ដែរតារាកំប្លែង នាយកុយ បានគម្រាមថា ប្រសិនបើក្រុមហ៊ុនខាងលើមិនចេញមុខដោះស្រាយបញ្ហានេះភ្លាមៗទេនេះ ខ្លួននឹងប្តឹងឡើងទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដោះស្រាយ៕
