ភ្នំពេញ: ស្ថានទូតអាមេរិក
ប្រចាំកម្ពុជា បានចេញសេចក្តីប្រកាស ដល់ពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្ន
កុំទៅជិតកន្លែងជួបជុំ ធ្វើបាតុកម្ម នៅក្នុងរាជធានីភ្នំពេញ។
សេចក្តីប្រកាសរបស់ទូតអាមេរិក បានចេញនូវថ្ងៃទី២៧ ខែធ្នូ
ឆ្នាំ២០១៣។
ក្នុងប្រកាស ជាភាសាអង់គ្លេស ផ្សព្វផ្សាយតាមវេបសាយរបស់ស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញ ដែលមានចំណងជើងថា "
Security Message for U.S. Citizens: On-going Demonstrations in
Phnom Penh"
ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បានប្រកាសថា សារសុវត្ថិភាពនេះ
គឺជាការក្រើនរម្លឹកដល់ពលរដ្ឋអាមេរិកទាំងអស់ ដែលជាអ្នករស់នៅ
ឬក៏ធ្វើដំណើរមកកាន់កម្ពុជា ឲ្យមានការប្រុងប្រយ័ត្ន និងជៀសវាង
កុំទៅជិតកន្លែងជួបជុំតវ៉ាទាំងនោះ។
តាមទូតអាមេរិក
បាតុកម្មតវ៉ា ដែលពលរដ្ឋអាមេរិក ត្រូវជៀសវាង កុំទៅជិត រួមមាន៖
បាតុកម្មតវ៉ាផ្នែកនយោបាយ ដែលជាបាតុកម្មរៀងរាល់ថ្ងៃ របស់គណបក្សប្រឆាំង
នៅទីលានប្រជាធិបតេយ្យនៅភ្នំពេញ រួមទាំងការដើរហែក្បួនបាតុកម្ម
តាមផ្លូវនានានៅភ្នំពេញ,
ការតវ៉ានៅមុខសាលារាជធានីភ្នំពេញប៉ុន្មានថ្ងៃជាប់គ្នាមកនេះ
របស់អ្នកភូមិបឹងកក់ ព្រមទាំងបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរ
នៅមុខព្រលានយន្តហោះ និងតាមផ្លូវនានា ចូលមកកាន់រាជធានីភ្នំពេញ ជាដើម។
ក្រៅពីនៅភ្នំពេញ នៅតំបន់ទេសចរណ៍ខេត្តសៀមរាប ក៏បានការតវ៉ាផងដែរ។
សាររបស់ស្ថានទូតអាមេរិក ក៏បានលើកឡើងថា អំឡុងពេលធ្វើបាតុកម្ម
និងការដើរហែក្បួនបាតុកម្មទាំងនោះ អាចនឹងមានសកម្មជន
ធ្វើដំណើរសំរុកចូលមកភ្នំពេញ។ ក្នុងនោះ ព្រឹត្តិការណ៍នយោបាយថ្មីៗនេះ
នៅកម្ពុជា ទោះបីជាមិនទាន់មានអំពើហិង្សា កើតឡើងក៏ដោយ
ប៉ុន្តែស្ថានទូតអាមេរិក សូមក្រើនរម្លឹកដល់ពលរដ្ឋអាមេរិកាំងទាំងអស់
ឲ្យជៀសវាង កុំធ្វើដំណើរទៅជិតក្បួនជុំជួប បាតុកម្មតវ៉ាទាំងនោះ
ជាដាច់ខាត៕ ដោយ: លីសិលា -
CEN