កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ម្សិលមិញនេះ Account Facebook មួយដែលគេស្គាល់ថា ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានធ្វើការចាប់អារម្មណ៍ និងសាកសួរព័ត៌មានមួយចំនួន ទៅលើលោក Michael Rothy ដែលជាម្ចាស់ Group «admin» ដ៏ធំមួយឈ្មោះថា ព័ត៌មានសកល «Global News» មានសមាជិកចំនួន២៥៥.១១៥នាក់ គិតត្រឹមពេលវេលានៃការចុះផ្សាយនេះ។
ការ Chat សួរនាំពីសំណាក់ Account Facebook របស់អគ្គស្នងការដ្ឋាននគរបាលជាតិមកលើលោក Michael Rothy ដែលជាម្ចាស់ Group ឈ្មោះ Global News នោះ គឺបានផ្តោតជាសំខាន់ទៅលើចំនួនអ្នកគ្រប់គ្រង ឬម្ចាស់របស់ Group តើមានប៉ុន្មាននាក់? …។
មជ្ឈដ្ឋានអ្នកលេង Facebook បានលើកឡើងថា ជាធម្មតាការបង្កើត Group នីមួយៗនៅក្នុង Facebook គឺត្រូវតែមាន Admin របស់ Group នោះ ហើយតែងមានវិធានបទបញ្ជាផ្ទៃក្នុងរបស់ Group ច្បាស់លាស់ ដែលមិនបង្កការលំបាកឲ្យសមត្ថកិច្ចស៊ើបអង្កេតតាមដានឡើយ។ ប៉ុន្តែ នៅក្នុងសាច់រឿងនេះ ទំនងជាសមត្ថកិច្ចបោះប៉ូលិសចង់ដឹងព័ត៌មានកាន់តែលម្អិតទៅលើម្ចាស់ Group ជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម Facebook ហើយ។
តាម ការសង្កេតជាក់ស្តែងបានបង្ហាញថា Group ឈ្មោះ Global News ដែលមានលោក Michael Rothy ជាម្ចាស់តែងប្រកាន់នូវជំហរអព្យាក្រឹតជាប់ជារៀងរហូតមក ប៉ុន្តែសមាជិកក្រុមរបស់លោក ដែលមានប្រភពមកពីអ្នកគាំទ្រគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ ទៅវិញទេដែលធ្វើឲ្យលោកឈឺក្បាលមិនស្ទើរឡើយទោះបីមាន បទបញ្ជាផ្ទៃក្នុងហាមប្រាមការ Post នូវព័ត៌មាន និងរូបភាពមិនសមរម្យមួយចំនួនយ៉ាងណាក៏ដោយ។
គួររំលឹកជូនដែរ ថា កាលពីដើមឆ្នាំ២០១៣ កន្លងទៅនេះ រាជរដ្ឋាភិបាលធ្លាប់បានស្នើសុំឲ្យក្រុមហ៊ុនគេហទំព័របណ្តាញសង្គម Facebook ផ្តល់នូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ដោយលើកហេតុផលថា ដើម្បីការពារសន្តិសុខជាតិ និងស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែត្រូវបានក្រុមហ៊ុន Facebook ដែលមានទីស្នាក់ការធំនៅសហរដ្ឋអាមេរិក ធ្វើការបដិសេធចំពោះសំណើនេះ។
អំពើ របស់រាជរដ្ឋាភិបាលនាពេលកន្លងមកដូច្នេះ ធ្វើឲ្យអ្នកលេង Facebook រិះគន់ថា រាជរដ្ឋាភិបាលមានបំណងចង់ត្រួតត្រាគ្រប់គ្រងទៅលើបណ្តាញសង្គម Facebook នៅកម្ពុជាថែមទៀតក្រៅពីបណ្តាញព័ត៌មានជាច្រើនដែលឋិតនៅក្នុង កណ្តាប់ដៃរបស់រាជរដ្ឋាភិបាលគ្រប់គ្រងអំណាចដោយគណបក្សប្រជាជន កម្ពុជារួចហើយ៕

ប្រភពដើម៖ដើមត្នោត