ខេត្តបាត់ដំបង ៖ ដោយសារតែខឹង ឪពុកស្តីបន្ទោស រឿងផឹកស្រា និងមានមិត្តភក្តិដើរលេងយប់ ភ្លេចផ្ទះសម្បែង បុរសម្នាក់បានសម្រេចចិត្ត យកអាវចងកសម្លាប់ខ្លួន នឹងរ៉តក្រោមផ្ទះក្បែរជណ្តើរ ហើយពេលឪពុក ក្រោកបត់
ជើងតូច ក៏ប្រទះឃើញសពជនរងគ្រោះ កាលពីម៉ោង ១២និង៣០ នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅក្រុមទី០៨ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង។
បុរសជាឪពុកឈ្មោះ កើយ យី អាយុ៦៣ ឆ្នាំ បានប្រាប់សមត្ថកិច្ចថា បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ យី នៅ អាយុ២៥ ឆ្នាំនៅលីវ ។ លោក កើយ យី បានបញ្ជាក់ថា ប្រពន្ធរបស់គាត់ បានស្លាប់ចោលប្រហែល ១០ឆ្នាំ ហើយគាត់បានរស់នៅ ជាមួយកូនប្រុស ២ នាក់កូនប្រុសទី១ឈ្មោះ យី កុសល អាយុ ៣២ ឆ្នាំមានប្រពន្ធ ហើយកូនប្រុសទី២ ឈ្មោះ យី នៅ អាយុ ២៥ ឆ្នាំ ដែលជាជនរងគ្រោះ។
លោក កើយ យី បានរៀបរាប់ថា កាលពីម៉ោង ២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ គាត់បាននិយាយប្រដៅ អប់រំកូនថា កូនល្មមឈប់មានម៉ាកភឿន ផឹកស៊ីអាវ៉ាសែ និងដើរលេងយប់ទៀតទៅ ព្រោះឯងធំហើយ។ បន្ទាប់មកជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះបាត់ លុះដល់ម៉ោង ៦ យប់ទើបត្រលប់ មកផ្ទះវិញ ហើយនៅម៉ោង ៨ យប់ថ្ងៃដដែល ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅបាត់ទៀត ក្រោយមកគាត់ និងកូនប្រុសច្បង បាននាំគ្នាចូលដេកបាត់ទៅ។
បុរសជាឪពុក មិនដឹងថា កូនប្រុសពៅមកចូលផ្ទះ ដេកពីថ្មើរណាទេ តែពេលខ្លួនជាឪពុកងើបបត់ជើងតូច កាលពីម៉ោង ១២និង៣០ នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ស្រាប់តែឃើញស្រមោល មនុស្សឈស្ទង់ៗ នៅក្រោមផ្ទះក្បែរជណ្តើរ ទើបគាត់ច្របាច់ពិលមើល ទើបដឹងថា កូនប្រុសពៅចងកនឹងរ៉តក្រោមផ្ទះ រួចក៏ស្រែកឲ្យអ្នកជិតខាងជួយ និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង៕