មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសជំហរចុងក្រោយម្ដងទៀត ដោយសច្ចាចំពោះមុខម្ចាស់ឆ្នោតថា តំណាងរាស្ត្ររបស់គណបក្សនេះទាំងអស់ នឹងមិនទៅចូលរួមប្រជុំសភានីតិកាលទី៥ ជាលើកដំបូង តាមការអញ្ជើញរបស់ព្រះមហាក្សត្រ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ទេ។
ជំហរជាថ្មីនេះ ប្រកាសឡើងចំពោះមុខមហាជនច្រើនរយនាក់ក្នុងពេលដែលអ្នកតំណាងរាស្ត្របានប្រមូលផ្ដុំគ្នាទៅធ្វើពិធីស្បថសច្ចានៅមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធានបានដឹកនាំបេក្ខជនតំណាងរាស្ត្រចំនួន ៦៣រូប ដែលក្នុងនោះ គ.ជ.ប ទទួលស្គាល់ថា ៥៥រូប បានជាប់ឆ្នោត និង៨រូបទៀត គឺគណបក្សសង្គ្រោះជាតិ អះអាងថា ជាប់ឆ្នោតដែរ ទៅធ្វើពិធីសច្ចាប្រណិធាននៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។
ពិធីសច្ចានេះក្នុងគោលបំណងចង់បង្ហាញឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជឿជាក់ថា តំណាងរាស្ត្រនៃគណបក្សនេះទាំងអស់សុខចិត្តបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើម្បីរកយុត្តិធម៌ សន្តិភាព បំបាត់អំពើពុករលួយ និងនាំមកនូវលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ។
ចាប់តាំងតែពីម៉ោងជាង ៨ព្រឹក នៅពេលដែលវត្តមានរបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ ទៅដល់មុខប្រាសាទអង្គរវត្ត គឺមានប្រជាពលរដ្ឋជាច្រើនបានទៅកាន់ទីនោះ ដោយទឹកមុខរីករាយស្វាគមន៍ អ្នកខ្លះបានសុំស្គាល់មុខអ្នកតំណាងរាស្រ្ត និងខ្លះទៀត បានសុំថតរូប ជាមួយទុកជាអនុស្សាវរីយទៀតផង។ ក្រុមប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់ បានមកចូលរួមពិធី ជាមួយគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ ព្រមទាំងស្រែកជយឃោសអបអរដំណើរទៀតផង។
ម៉ោងប្រមាណ ៩ព្រឹក បន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា បានអញ្ជើញមកដល់ ទាំងសមាជិកគណបក្សសង្គ្រោះជាតិ និងក្រុមប្រជាពលរដ្ឋ បាននាំគ្នាដើរចូលទៅកន្លែងសក្ការៈបូជារបស់លោកតារាជ្យ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ហើយក៏នាំគ្នា ចូលទៅពីមុខកំពូលបីនៃប្រាសាទ និងចាប់ផ្ដើមធ្វើពិធីសច្ចាប្រណិធាន។
ក្នុងពិធីតាមបែបសាសនានេះ ក្រៅតែពីមានប្រជាពលរដ្ឋជិត ១ពាន់នាក់ចូលរួមស្ដាប់ និងធ្វើជាសាក្សី ក៏មានព្រះសង្ឃ ១អង្គ បាននិមន្តចូលរួម ព្រមទាំងសូត្រធម៌ជយន្តោ ប្រសិទ្ធិពរបវរសួស្តីដល់ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ៦៣រូបរបស់គណបក្សសង្គ្រោះជាតិផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ម្ចាស់ឆ្នោតនៅក្នុងពិធីសច្ចាប្រណិធាននោះថា បើទោះបីជាមានការលួចបន្លំសន្លឹកឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ដោយ គ.ជ.ប បានប្រកាសជ័យជម្នះឱ្យទៅគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ម្ចាស់ឆ្នោតបានចាត់តាំងឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៦៣រូបធ្វើជាតំណាងរបស់ប្រជារាស្ត្រដែរ។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សសង្គ្រោះជាតិ នៅតែគោរពព្រះរាជបល្ល័ង្គ និងព្រះមហាក្សត្រជាទីសក្ការៈ ប៉ុន្តែអ្វីសំខាន់ជាងនេះទៅទៀត គឺគោរព ឆន្ទៈរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសច្ចាប្រណិធាននេះដែរ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើពិធីពន្លែងសត្វស្លាបជាច្រើនក្បាល ដោយបួងសួងប្រាថ្នាសុំឱ្យមានសន្តិភាព និងយុត្តិធម៌ពិតប្រាកដនៅកម្ពុជា។
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាន់ជំហរយ៉ាងហ្មឺងម៉ាត់ថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ៦៣រូបរបស់គណបក្សនេះ នឹងមិនចូលរួមប្រជុំសភានីតិកាលទី៥ លើកដំបូង នៅថ្ងៃទី២៣ ខែកញ្ញា ទេ ហើយជំនួសឱ្យការមិនចូលប្រជុំនេះ គឺបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ នឹងធ្វើពិធីកាន់បិណ្ឌតាមបែបព្រះពុទ្ធសាសនាមួយ នៅទីក្រុងសៀមរាប អង្គរ។

បន្ទាប់ពីធ្វើពិធីសច្ចាប្រណិធានចប់នៅមុខប្រាសាទអង្គរវត្ត បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងមន្ត្រីគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំសម្ងាត់ភ្លាមៗ ដែលដឹកនាំដោយប្រធានគណបក្ស លោក សម រង្ស៊ី និងអនុប្រធានគណបក្ស លោក កឹម សុខា។
នៅក្នុងកិច្ចប្រជុំបិទទ្វារដែលមានទាំងមន្ត្រីជាន់ខ្ពស់គណបក្ស និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិចូលរួមប្រជុំមានប្រមាណ ៨០នាក់ នៅសណ្ឋាគារមួយ នាទីក្រុងសៀមរាប។

មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍យ៉ាងខ្លីថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំរួមគ្នានេះ គឺលើកអំពីការកែទម្រង់ស្ថាប័នជាតិសំខាន់ៗ មួយចំនួន ដែលលោកអះអាងថា កំពុងតែជួបវិបត្តិធ្ងន់ធ្ងរ។
មតិពលរដ្ឋចូលរួមពិធីសច្ចាប្រណិធាន
នៅក្នុងពិធីធ្វើសច្ចាប្រណិធាននៅខេត្តសៀមរាបនេះដែរ ប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់បានមកអបអរសាទរមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅប្រាសាទអង្គរវត្ត។
តើពលរដ្ឋទាំងនោះមានទស្សនៈយ៉ាងដូចម្ដេច?
rfa.org