ប្រទេសអង់គ្លេស ៖ ទីភ្នាក់សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្សរាប់សិបនាក់ បានរងរបួស រួមមានអ្នកដំណើរ ៨ នាក់បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់រថយន្ត បុកបន្តគ្នាចំនួន ១៣០ គ្រឿងនៅលើផ្លូវធំមួយ ក្នុងទីក្រុងខិន ប្រទេសអង់គ្លេស អំឡុងពេលដែល មានអ័ព្ទចុះភ្លាមៗ កាលពីថ្ងៃទី៥ ខែកញ្ញា បណ្តាលឲ្យអ្នកបើកបរ ពិបាកមើលផ្លូវ នៅពេលដែលពួកគេ បានបើករថយន្តទៅជិតផ្លូវ ឆ្លងកាត់ដោយគ្មានភ្លើងបំភ្លឺ។ អ្នកបើកបរម្នាក់ បាននិយាយថា នេះជាហេតុការណ៍គ្រោះថ្នាក់ រថយន្តបុកបន្តកន្ទុយគ្នា ដ៏ច្រើនបំផុត ដោយមានរថយន្តតូចៗ ជាច្រើនគ្រឿងបានបើក ជ្រុលទៅចូលក្រោមរថយន្តធំៗ ហើយមនុស្សរាប់សិបនាក់ដែល រងរបួស បានដេកនៅក្បែរៗផ្លូវ ដើម្បីរង់ចាំការសង្គ្រោះ។ អ្នកបើករថយន្តម្នាក់នោះ បាននិយាយបន្តថា គាត់អាចមើលឃើញផ្លូវ ចម្ងាយតែពី ១០ម៉ែត្រទៅ ២០ ម៉ែត្រប៉ុណ្ណោះ ពីរថយន្តរបស់គាត់ ដោយសារមានអ័ព្ទចុះដ៏ក្រាស់ នៅពេលហេតុការណ៍នោះកើតឡើង៕