គណបក្សសង្គ្រោះជាតិ នឹងចុះជួបប្រជាពលរដ្ឋ សមាជិសមាជិការ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីស្ទង់មតិ ចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃធ្វើមហាបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោតផ្លូវការ ដែលប្រកាសដោយ គ.ជ.ប។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញថ្ងៃអាទិត្យនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ចាប់ពីថ្ងៃចន្ទស្អែកនេះ ទៅគណបក្សសង្គ្រោះជាតិនឹងចុះជួបប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តរហូតដល់ថ្ងៃធ្វើមហាបាតុកម្ម នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។ លោកបញ្ជាក់ថា គោលដៅដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចុះជួបប្រជាពលរដ្ឋរួមមាន វិហារសួគ៌ ក្នុងខេត្តកណ្តាល ផ្សារអូឬស្សី នៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងពោធិ៍សាត់។
គណបក្សសង្គ្រោះជាតិ នឹងបន្តរៀបចំមហាបាតុកម្មអហិង្សា ដើម្បីសម្តែងពីឆន្ទៈរបស់មហាជនខ្មែរ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយស៊ើបអង្កេតនឹងដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិ អាណត្តិទី៥។
លទ្ធផលផ្លូវការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសនៅ ព្រឹកថ្ងៃអាទិត្យនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈចំនួន ៥៥ តែលទ្ធផលនេះត្រូវបានគណបក្សសង្គ្រោះជាតិច្រានចោលទាំងស្រុង។
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
Read more: http://www.cambodiapage.info/?p=13995#ixzz2eM6orM39