ក្រុងវ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសៅរ៍បាន ឈានថយក្រោយមួយជំហាន ដោយពន្យារការវាយប្រហារ ក្នុងពេលឆាប់ៗណាមួយ ទៅលើប្រទេសស៊ីរី ដើម្បីងាកមកសុំការអនុញ្ញាត
ពីសភា អាមេរិក នៅក្នុងល្បែងមួយ ដែលនឹងសាកល្បងលទ្ធភាពរបស់លោក ក្នុងការការពារឥទ្ធិពល អាមេរិកនៅបរទេស និងការប្រើអំណាចរបស់លោក នៅក្នុងស្រុក។
មុនពេលលោក អូបាម៉ា ចាប់ហ្វ្រាំង ផ្លូវត្រូវបានត្រួសត្រាយ រួចជាស្រេចសម្រាប់ ការវាយប្រហារ ព្រោះនាវាចំបាំង នៃកងទ័ពជើងទឹកបានត្រៀមជាស្រេច ដោយរង់ចាំតែបញ្ជា ដើម្បីបញ្ចេញកាំជ្រួច។ ទន្ទឹមនេះផងដែរ អ្នកត្រួតពិនិត្យសព្វាវុធគីមី របស់អង្គការសហប្រជាជាតិ បានចាកចេញពីប្រទេសស៊ីរី បន្ទាប់ពីការប្រមូលភស្តុតាង ពីការវាយប្រហារដោយអាវុធគីមី ដែលមន្ត្រីអាមេរិកអះអាងថា បានសម្លាប់មនុស្ស១.៤២៩ នាក់។
យ៉ាងណាក៏ដោយលោក អូបាម៉ា បានសម្រេចស្វះស្វែងរក ការគាំទ្រពីសមាជិកសភា មុនធ្វើការវាយប្រហារ លើប្រទេសស៊ីរី ខណៈដែលការស្ទង់មតិបង្ហាញ ការប្រឆាំងនឹងការធ្វើសង្គ្រាម ក្នុងចំណោមពលរដ្ឋអាមេរិក ដែលធុញទ្រាន់ នឹងសង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ទាហានអាមេរិក បានពលីជាច្រើន ក្នុងបុព្វហេតុនៃការធ្វើសង្គ្រាម ហើយបើមានការ វាយប្រហារលើប្រទេសស៊ីរី ក៏មិនជាល្អប៉ុន្មានដែរ។
លោក អូបាម៉ា បាននិយាយនៅសេតវិមានថា "ថ្ងៃនេះខ្ញុំស្នើឲ្យសភាបញ្ជូនសារមួយ ទៅកាន់ពិភពលោកថា យើងត្រៀមចាត់ការ " និងបានព្រមានពួកសមាជិកសភា អំពីការខាតបង់ ពីការមិនធ្វើអ្វីសោះ នៅប្រទេសស៊ីរី។ មធ្យោបាយដោះស្រាយ របស់លោក អូបាម៉ា បណ្តាលឲ្យមានការមន្ទិលថា តើអាមេរិកនឹងចាត់វិធានការ យោធាដូចគំនិត របស់លោក អូបាម៉ា ដែរឬអត់៕

ប្រភពពី :
វត្តភ្នំ