ភ្នំពេញ ៖ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី នៅថ្ងៃទី៥ ខែកញ្ញា នេះ បាន ចេញលិខិតអំពាវនាវឲ្យកម្មករ- កម្មការិនី ដែលជាសមាជិកសហជីពរបស់ខ្លួន ប្រមាណជាជាង ១០ម៉ឺននាក់ ឲ្យធ្វើពហិការមិនចូលធ្វើការនៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ខាងមុខ ដើម្បីចូលរួមធ្វើបាតុកម្មអហិង្សា ជាមួយនឹងគណបក្សសង្គ្រោះជាតិ។
ខណៈពេលដែលថ្ងៃកំណត់ធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាន់តែខិតជិតមកដល់ ពោលគឺនៅថ្ងៃទី០៧ ខែកញ្ញា ខាងមុខ មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី នៅថ្ងៃនេះបានចេញលិខិតប្រកាសជាសាធារណៈ ប្រកាសគាំទ្រចំពោះមហាបាតុកម្មអហិង្សា របស់គណបក្សប្រឆាំង និងបានអំពាវនាវឲ្យ កម្មករ-កម្មការិនី ប្រមាណជាជាង ១០ម៉ឺននាក់ ឲ្យចូលរួមធ្វើមហាបាតុកម្មនេះផងដែរ។ នៅក្នុងលិខិតចុះថ្ងៃទី០៥ ខែកញ្ញា នេះ លោក ជា មុនី ក៏បានអំពាវនាវឲ្យកម្មករ ធ្វើពហិការកុំចូលធ្វើការថែមម៉ោង នៅថ្ងៃធ្វើមហាបាតុកម្មនោះ។
ប្រធានសហជីពដ៏ល្បីរូបនេះ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃនេះថា «ការណ៍ដែលលោកសម្រេចធ្វើការអំពាវនាវឲ្យកម្មករ ចូលរួមធ្វើមហាបាតុកម្មជាមួយ នឹងគណបក្សសង្គ្រោះជាតិបែបនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីទាមទារឲ្យគណៈកកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។» លោកបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កន្លងទៅត្រូវបានគេរកឃើញថា មានភាពមិនប្រក្រតីច្រើន ដែលវាជារឿងអយុត្តិធម៌ណាស់សម្រាប់ម្ចាស់ ឆ្នោត។ ប្រធានសហជីពរូបនេះ បានអះអាងថា ការអំពាវនាវរបស់លោកនេះ នឹងមានកម្មករ-កម្មការិនី ភាគច្រើននាំគ្នាទៅធ្វើមហាបាតុកម្មដូចតាមការអំពាវ នាវរបស់លោក។
ការអំពាវនាវរបស់លោក ជា មុនី ខាងលើ បានធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ម៉ឺននាក់ កំពុងត្រៀមខ្លួនចូលរូមធ្វើមហាបាតុកម្មអហិង្សា ជាមួយគណបក្សនេះផងដែរ។ មហាបាតុកម្មអហិង្សារបស់បក្សប្រឆាំង ដែលនឹងគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ នាថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ខាងមុខនេះ ត្រូវបានគេអះអាងថា ជាមហាបាតុកម្ម ដែលមានលក្ខណៈស្មិងស្មាធ អង្គុយធ្វើសមាធិ បួងសួងដើម្បីសុំសន្តិភាព។
យ៉ាងណាក៏ដោយជាមួយនឹងការអំពាវនាវរបស់ លោក ជា មុនី នេះ លោក សោម អូន ជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលគេដឹងជាទូទៅថា ជាសហជីពមាននិន្នាការគាំទ្ររដ្ឋាភិបាលនោះ បានថ្លែងថា ក្នុងនាមជាសហជីពកម្មករ គេមិនគួរឲ្យជាប់ពាក់ព័ន្ធជាមួយនឹងមហាបាតុកម្មរបស់គណបក្សសង្គ្រោះ ជាតិនេះទេ។ លោកបានហៅការអំពាវនាវរបស់លោក ជា មុនី ថា “ជាការអំពាវនាវមានចរិតនយោបាសុទ្ធសាធ” ដោយ មិនបានយល់ពីតម្លៃការងាររបស់កម្មករ ដែលជាហេតុធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ពួកគេ។ លោកបន្តថា មេដឹកនាំសហជីពមុននឹងធ្វើអ្វីមួយ ត្រូវគិតដល់ផលប្រយោជន៍របស់កម្មកផង ប្រសិនបើកម្មករចូលរួមធ្វើមហាបាតុកម្មដោយការអំពាវនាវរបស់ លោក ជា មុនី នេះ ហើយរោងចក្រត្រូវបិទទ្វារ កម្មករអត់មានការងារធ្វើតើអ្នកណាជាអ្នកទទួលខុសត្រូវ។ មេសហជីពគាំទ្របក្សកាន់អំណាចរូបនេះ ជឿជាក់ថា កម្មករ-កម្មការិនី នឹងមិនចូលរួមធ្វើមហាបាតុកម្មនោះទេ ពីព្រោះវាមិនអ្វីពាក់ព័ន្ធនឹងបងប្អូនកម្មករឡើយ។
សូមបញ្ជាក់ថា ការអំពាវនាវរបស់របស់លោក ជា មុនី មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកម្មករចូលរួមធ្វើមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិនៅពេលនេះ មិនមែនជាជំហរ គាំទ្រគណបក្សប្រឆាំងលើកទី១ ទេ។ នាពេលកន្លងមកគេសង្កេតឃើញថា លោក ជា មុនី តែងតែប្រកាសជំហរគាំទ្របក្សប្រឆាំងជាញឹកញាប់ ជាពិសេសកាលពីមុនពេលបោះឆ្នោតកន្លងទៅ ប្រធានសហជីពរូបនេះ ក៏ធ្លាប់បានអំពាវនាវឲ្យកម្មករ-កម្មការិនី ទាំងអស់ នាំគ្នាបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិផងដែរ។ កាលណោះក៏មានសហជីពរបស់ លោក រ៉ុង ឈុន មួយដែរ ដែលបានប្រកាសគាំទ្រគណបក្សសង្គ្រោះជាតិដូចគ្នា ដោយបានអំពាវនាវឲ្យកម្មករបោះឆ្នោតឲ្យគណបក្សនេះ។
គណបក្សសង្គ្រោះជាតិនៅក្នុងអាណត្តិនេះ ត្រូវគេសង្កេតឃើញថា មានការគាំទ្រខ្លាំងខ្លាជាងអាណត្តិមុនៗពីសំណាក់កម្មករ-កម្មការិនី ។ គាំទ្រដោយហេតុថា ក្នុងគោលនយោបាយទាំង៧ ចំណុចរបស់បក្សប្រឆាំងមួយនេះ ឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករ ពោលគឺប្រសិនបើគណបក្សនេះ ឈ្នះឆ្នោតនឹងតម្លើងប្រាក់ខែយ៉ាងតិចជូនកម្មករ ៦០ម៉ឺនរៀល ស្របពេលដែលប្រាក់ខែគោល របស់កម្មករបច្ចុប្បន្នទទួលបានតែជាង ៣២ម៉ឺនរៀល ដែលស្មើនឹង ៨០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ៣២ ម៉ឺន សម្រាប់បរិបទប្រទេសកម្ពុជាបច្ចុប្បន្ន ដែលទំនិញឡើងថ្លៃគ្រប់បែបយ៉ាង វាពិតជាមានការលំបាកណាស់ចំពោះពួកគេ៕

លោក ជា មុនី ប្រធានសហជីបសេរីកម្មកកម្ពុជា អោបរូបសំណាកលោក ជា វិជ្ជា បងប្រុសរបស់លោក។
ប្រភព៖ គេហទំព័រសារព័ត៌មាន មនោរម្យ