ខេត្តបន្ទាយមានជ័យ ៖ កុមារីអាយុ ៧ឆ្នាំម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី ៣ខែកញ្ញា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាបដោយឪពុកម្តាយ ក្មេងស្រីរងគ្រោះ
អះអាងថា បណ្តាលមកពីដង្កូវរមាស់ នៅលើដើមឆត្រខាំ ហើយមានអាការៈរមាស់ និងក្អួតមកពណ៌ខ្មៅ ដែលជាមួយចំឡែក បំផុតហើយក្រុមគ្រូពេទ្យ ក៏មិនទាន់ហ៊ានសន្និដ្ឋានថា វាជាជំងឺអ្វីឲ្យពិតប្រាកដ នៅឡើយទេ។
បើតាមការអះអាងរបស់ឪពុកកុមារីរង គ្រោះឈ្មោះ ឡា វុទ្ធី អាយុ៣១ឆ្នាំ ជា បុគ្គលិកកាស៊ីណូហ្គោលឌិនក្រោន និងម្ដាយឈ្មោះ វាស្នា ផល្លា អាយុ ២៧ឆ្នាំ បានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ ឡា សុភ័ណ អាយុ៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត ក្រៅពីទៅសាលារៀន នាងមិនដែលដើរទៅណាទេ លុះម៉ោងប្រហែល ៤រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ កូនរបស់គាត់មានអការ រមាស់រហូតអេះដាច់សាច់ និងដេករនៀលដី ពេលគាត់ និងប្រពន្ធស្រាតខោ កូនក៏ឃើញដង្កូវប៉ុនម្រាមដៃពណ៌ខ្មៅមានរោម វែងៗ ។
ដង្កូវនោះដាច់មួយកំណាត់ ជាប់ចង្កេះខោ ឯមួយកំណាត់ទៀត ជ្រុះនៅនឹងដី ឃើញដូច្នេះឪពុកម្តាយបាននាំកូនស្រី ទៅគ្លីនិកឯកជន ដោយឃើញសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យនៅទីនោះ ក៏ណែនាំឱ្យទៅពេទ្យខេត្ត សៀមរាប។ លុះពេលទៅដល់មន្ទីរពេទ្យ គន្ធបុប្ផាក្មេងស្រីរងគ្រោះ ក៏ក្អួតមានពណ៌ខ្មៅ ហើយក្រុមគ្រូពេទ្យប្រាប់ថា មិនដែលជួបប្រទះជំងឺ បែបនេះឡើយ លុះវេលាម៉ោង ៣ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ក្មេងស្រីរងគ្រោះបានស្លាប់ បាត់បង់ជីវិតគួរឲ្យ ណោចអាធ័មបំផុត។
អ្នកស្រុកបាននាំគ្នា ទៅរកមើលដង្កូវដើមឆ័ត្រ នៅសាលាបឋមសិក្សា បាលិលេយ្យ ព្រោះចង់ដឹងថា តើវាមានពណ៌ និងរាងដូចដង្កូវ ដែលខាំកុមារីរងគ្រោះដែរ ឬអត់ ហើយគេរកឃើញដង្កូវជាច្រើន ស៊ីស្លឹកឆត្រ។ ព័ត៌មាននេះនាំឲ្យមាន ការភ្ញាក់ផ្អើល នៅទូទាំងប្រទេសកម្ពុជា ព្រោះមិនដែលធ្លាប់ជួបពីមុនមកទេ ។ អ្នកស្រុកបានអះអាងថា សត្វដង្កូវដែលមាន រោមវែងៗនោះរស់ នៅលើដើមឆត្រ ពីព្រោះ នៅសាលារៀនក្នុងវត្ដបាលិលេយ្យ មានដើមឆត្រច្រើន ៕
