
មេដឹកនាំគណបក្សធំពីរ ដែលបានទទួលបានអាសនៈសភា នៅថ្ងៃបោះឆ្នោតទី២៨កក្កដា ត្រូវគេរំពឹងអាចនឹងជួបគ្នាជាលើកដំបូងនៅពេលដែល ឥស្សរជនខ្មែរទាំងពីរនេះ ទៅទទួលព្រះមហាក្សត្រដែលយាងមកកាន់មាតុភូមិកម្ពុជាវិញពីទីក្រុង ប៉េកាំង នៅរសៀលថ្ងៃពុធនេះ ។
តាមប្រភពព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី នឹងទៅទទួលព្រះមហាក្សត្រដែល
យាង មកកម្ពុជា នៅម៉ោង ៤រសៀល ហើយប្រភពស្និទ្ធិនឹងគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនសូវមានវត្តមានជាសាធារណៈ ចាប់តាំងពីថ្ងៃបោះឆ្នោត ២៨កក្កដា ក៏មានវត្តមានរង់ចាំទទួលមាតុភូមិនិវត្តន៍របស់ព្រះមហា ក្សត្រផងដែរ។
មានការរំពឹងថា លោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចមើលមុខគ្នាឃើញទៅវិញទៅមក ដែលលើកជាដំបូងអាចមានការសន្ទនាគា្នរវាងឥស្សរជនខ្មែរ ទាំងពីរនេះ ដែលមានជម្លោះនយោបាយជាមួយគ្នាដ៏ស៊ីជម្រៅបន្ទាប់ពីការបោះឆ្នោត ថ្ងៃ២៨ កក្កដា ។ អ្នកវិភាគប្រមើរឃើញថា ជាសញ្ញាល្អ ប្រសិនបើមេដឹកនាំទាំងពីរអាចសន្ទនាគ្នា ពីបញ្ហាវិបត្តិនយោបាយនៅពេលជួបគ្នា នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ នៅរសៀលថ្ងៃពុធនេះ៕
សរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com