កំពត: បុរសជាប្តី បានស្លាប់ ចំណែកប្រពន្ធ រងរបួសធ្ងន់ បន្ទាប់ពីជនមិនស្គាល់មុខចូលបាញ់ប្រហារ ក្នុងរោងកសិដ្ឋានមួយ កាលពីវេលាម៉ោងប្រហែល ៨ យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ជាជំហានដំបូង សមត្ថកិច្ចសង្ស័យថា អាចកើតមកពីរឿងគំនុំ។
សពជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខបាញ់ប្រហារ
លោក សេង វ៉ាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោល បាននិយាយថា បុរសដែលបាត់បង់ជីវិតឈ្មោះ ខៀវ ជំនិត ហៅ ពៅ អាយុ ៤៤ឆ្នាំ ចំណែកប្រពន្ធឈ្មោះ សេង ស៊ីថា អាយុ ៥៥ ឆ្នាំ។ ទាំងពីរនាក់ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
លោក ណុប ចាន់ភាព អធិការរង ទទួលបន្ទុកផែនយុត្តិធម៌នៃអធិការដ្ឋានស្រុកទឹកឈូ បានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានថា មានមានករណីបាញ់សម្លាប់គ្រួសារមួយ ស្ថិតនៅកសិដ្ឋានចិញ្ចឹមគោ ក្នុងភូមិភ្នំតូច កាលពីម៉ោងប្រហែលជិត៨ យប់ ថ្ងៃទី ១២ ខែកញ្ញា កម្លាំងបានចុះដល់គោលដៅ ដែលទីកើតហេតុជាកសិដ្ឋានដាច់ឆ្ងាយពីផ្ទះអ្នកស្រុក។ នៅលើខ្លួនសាកសពបានទទួល រងនូវការបាញ់ប្រហារចំនួនពីរគ្រាប់ គឺត្រង់ក្រោមភ្នែកខាងស្តាំមួយកន្លែង និងលើដោះខាងស្តាំមួយកន្លែង បណ្តាលឱ្យស្លាប់ក្បែរទ្វារក្នុងផ្ទះតែម្តង។ ដោយឡែក ស្ត្រីជាប្រពន្ធ រងរបួសត្រង់ដៃខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាយបាលនៅមន្ទីរពេទ្យទាំងយប់។
ប៉ូលិសបានពិនិត្យ និងសន្និដ្ឋានថា ជនរងគ្រោះ អាចដឹងខ្លួនមុនអំពីការប៉ុនប៉ងបាញ់ប្រហារនេះ ហើយព្យាយាមរុញទ្វារទប់ ទើបជនមិនស្គាល់មុខ បាញ់ទម្លុះពីក្រៅ រួចរត់គេចខ្លួនបាត់តែម្តង។
លោកអធិការរង បានបន្តថា មិនទាន់រកឃើញនូវការបាត់បង់របស់ទ្រព្យនៅឡើយទេ ហើយជាការសន្និដ្ឋានជំហានដំបូង ករណីនេះ អាចកើតឡើងដោយសាររឿងគំនុំ៕
ប្រភព CEN