ខេត្តកំពង់ធំ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកហើម ស្អុយរលួយ នៅចំណុចទំនប់អាងទឹក ស្ថិតក្នុងភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ កាលពីវេលាព្រឹកថ្ងៃទី១៦
ខែកញ្ញា ឆ្នាំ២០១៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាមកចោមរោមមើលយ៉ាងច្រើនកុះករ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ែន សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះបានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ គឺតាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៣ ដោយមិនដឹងថាគេទៅដល់ទីណា ជាមួយអ្នកណានោះទេ។
បើតាមប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះមិនមែនស្លាប់ដោយសារលង់ទឹកនោះទេ គឺជនរងគ្រោះត្រូវបានឃាតកប្រើរបស់ស្រួច កាប់ចំក្បាលចំនួន៣កន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ទើបអូសយកសាកសពមកទម្លាក់ចូលនៅក្នុងទំនប់ខាងលើនេះដើម្បី បំបាត់ភស្តុតាង។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើស ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕