រាជធានីភ្នំពេញ៖ ក្មេងស្រីតូចអាយុ៨ឆ្នាំម្នាក់ បានត្រូវរថយន្តដឹកសិស្សរបស់សាលាចំណេះទូទៅអន្តរជាតិសិង្ហបុរី បើកកៀរ និងកិនពេញទំហឹង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣
ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣២៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កុមារីរងគ្រោះ មានឈ្មោះ ថន នីកា អាយុ៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣២ ផ្លូវ២២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុគេបានឃើញក្មេងស្រីរងគ្រោះបានជិះកង់មួយគ្រឿងត្រឡប់ មកពីសាលារៀន ក្នុងបំណងឆ្ពោះទៅផ្ទះ។ ខណៈពេលជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តដឹកសិស្ស ម៉ាកទួរីស ពណ៌ស របស់សាលាចំណេះទូទៅអន្តរជាតិសិង្ហបុរី បើកបរដោយបុរសម្នាក់ឈ្មោះ ទាប សុភា ស្នាក់នៅផ្ទះលេខ៣០ ផ្លូវ៣៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបើកមកកៀរកង់ជនរងគ្រោះបណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្ត បណ្តាលឲ្យកិនចំពាក់កណ្តាលខ្លួន ធ្វើឲ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនអ្នកបើកបរ រួមទាំងរថយន្តយកទៅកាន់អធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី
វាលឥន្រ្ទី