រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ បានបញ្ជាក់ឡើងវិញ ពីគោលជំហររបស់ ខ្លួនទាក់ទងទៅនឹង ការធ្វើមហាបាតុកម្មអហិង្សា នាថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះថា នៅតែដំណើរការដដែល មិនបានប្តូរ
គោលជំហរនោះទេ ហើយការបញ្ជាក់បែបនេះ ធ្វើឡើងដោយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយសារតែមានការ យល់ច្រឡំ និងមានការបកស្រាយខុស ពីមតិមួយចំនួន។
លោក កឹម សុខា បានបញ្ជាក់ឡើងវិញថា បាតុកម្មអហិង្សានៅតែមាន គ្មានការកែប្រែទេ ហើយពិធីបួងសួង គឺជាផ្នែកមួយនៃបាតុកម្មអហិង្សា មិនមែនជាការជំនួសឡើយ។ លោក កឹម សុខា បានបង្ហាញហេតុផល សំខាន់ៗចំនួន ៤ ចំណុចដូចតទៅ ៖
១) បាតុកម្មអហិង្សា នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង ៩ព្រឹក ដូចដែលបានប្រកាស ជាច្រើនលើកច្រើនសារ មកហើយ ពុំមានការកែប្រែអ្វីឡើយ។២) នៅក្នុងបាតុកម្មអហិង្សា យើងបានបន្ថែមការបូងសូង សុំសន្តិភាព ពោលគឺបាតុកម្មអហិង្សានៅតែមាន គ្រាន់តែយើងបញ្ចូលកម្មវិធី បួងសួងក្នុងនោះ តែបាតុកម្មអហិង្សា នៅតែប្រព្រឹត្តិឡើង។៣) ចំពោះទំព័រផ្លូវការ មិនដែលផ្សព្វផ្សាយថា ផ្លាស់ប្តូរពីបាតុកម្មអហិង្សា ទៅជាពិធីបួងសួងទេ។ រាល់ព័ត៌មានទាំងឡាយណា ដែលផ្សាយថាមានការកែប្រែ គួរតែធ្វើការកែសម្រួល ព្រោះគម្រោងធ្វើបាតុកម្មអហិង្សា មិនដែលត្រូវបានកែប្រែឡើយ។៤) សម្តីរបស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ដែលថាគាំទ្រព្រះរាជសារ ព្រះមហាក្សត្រ មានន័យថា យើងគាំទ្រឲ្យបាតុកម្មរបស់យើង ប្រព្រឹត្តិឡើងដោយ អហិង្សា មិនមែនមានន័យថា លុបចោលបាតុកម្មនោះទេ ។ ក្នុងពេលជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជូនដំណឹង ទៅសាលារាជធានីភ្នំពេញ ស្តីពីការធ្វើមហាបាតុកម្មអហិង្សា ដោយសម្មាធិ និងការបួងសួងដោយស្ងប់ស្ងៀម ដោយមានបាតុករចំនួន ២ម៉ឺននាក់ ចូលរួម នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ លោក ហូរ វ៉ាន លោកម៉ៅ មុនីវណ្ណ និងលោក គួយ ប៊ុនរឿន គឺជាអ្នកដឹកនាំបាតុកម្ម តំណាងឲ្យគណបក្សសង្គ្រោះជាតិ ដែលបានចុះហត្ថលេខា លើលិខិតជម្រាបជូន អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ។
នៅក្នុងលិខិតស្តីពីការ ធ្វើបាតុកម្មអហិង្សា ដាក់ទៅសាលារាជធានីភ្នំពេញ បានបង្ហាញថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំ ធ្វើមហាបាតុកម្មអហិង្សា ដើម្បីទាមទារឲ្យបង្កើត គណៈកម្មការពិសេសឯករាជ្យ ដើម្បីស៊ើបអង្កេត រកការពិត និងយុត្តិធម៌ នៃលទ្ធផលបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ អ្នកដឹកនាំបាតុកម្ម នៃគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា មហាបាតុកម្មអហិង្សានេះ នឹងជួបជុំគ្នានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្មអហិង្សា ដោយមានការតាំងសម្មាធិ ការបួងសួងដោយស្ងប់ស្ងៀម និងការសម្តែងមតិរបស់បាតុករ ៕