រាជធានីភ្នំពេញ ៖ រនាំងដែកចែក ទ្រូងផ្លូវចំនួន១៦ផ្ទាំង ដែលមានទីតាំងនៅចំណុចមុខផ្សារទំនើបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានរងការខូចខាត ដោយសារតែត្រូវ
រថយន្តម៉ាក CRV មួយគ្រឿង បានបើកបុកពេញទំហឹងកាលពីវេលាម៉ោង ៤និង ៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកCRV ១គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2E-2763 បើកបរដោយបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុប្រមាណជាង ៣០ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចផ្លេកបន្ទោរ។ ខណៈពេលបើកបរមកដល់ចំណុចកើតហេតុ រថយន្តបានវ៉ាក់នឹងម៉ូតូគ្រឿង ដែលនៅពីមុខ បណ្តាលឱ្យរេចង្កូតជ្រុលទៅបុករះរនាំងដែកចែកទ្រូងផ្លូវ ធ្វើឲ្យខូចខាតអស់ចំនួន១៦ផ្ទាំង ចំណែករថយន្តបានរងការខូចខាតផ្នែកខាងមុខ ដោយដាច់កង់ខាងឆ្វេង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក៏បានចុះទៅអន្តរាគមន៍ ដើម្បីធ្វើការវាស់វែង និងបាននាំយករថយន្តរួមទាំងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដកស្រង់ពី :
វត្តភ្នំ