ក្រោយពីការជជែកគ្នាមិនបានសម្រេច កាលពីថ្ងៃសុក្រកន្លងទៅ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅមិនទាន់មានការណាត់ជួបគ្នាជាថ្មីនៅឡើយ ទេ។ ចំនុចមិនយល់ស្របគ្នាខ្លាំងនៅការពិភាក្សាគ្នា គឺតួអង្គអ្នកធ្វើការងារស៊ើបអង្កេតភាពមិនប្រក្រតី។ គណបក្សសង្គ្រោះ ជាតិបានស្នើអោយអង្គការក្រៅរដ្ឋាភិបាលជំនាញបោះឆ្នោតជាអ្នកស៊ើប អង្កេតភាពមិនប្រក្រតី ខណៈ ដែលគណបក្សប្រជាជនកម្ពុជា នៅតែទាមទារ អោយ គ ជ ប ជាអ្នកទទួលបន្ទុកកិច្ចការនេះ ដែលកំណត់ដោយច្បាប់កម្ពុជា។
គណបក្សសង្គ្រោះជាតិកំពុងរង់ចាំចំលើយពីគណបក្សប្រជាជនកម្ពុជាចំពោះការណាត់ជួបពិភាក្សា
លើក ក្រោយទៀតដើម្បីនិយាយ អំពីរចនាសម្ព័ន្ធនៃគណៈកម្មការពិសេសចំពោះកិច្ចដោះស្រាយភាពមិន ប្រក្រតីនៃការបោះឆ្នោត។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញរិទ្ធ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកនេះថា គណបក្សសង្គ្រោះជាតិរបស់លោកនៅតែមិនយល់ព្រម អោយ គ.ជ.ប ដែលគណបក្សសង្គ្រោះជាតិយល់ថា ជាអ្នកបង្កើតអោយ មានបញ្ហានោះ ធ្វើជាអ្នកដឹកនាំគណៈកម្មការចំពោះកិច្ច និងធ្វើការងារស៊ើបអង្កេតបញ្ហាដដែលនេះឡើយ។
ការដាក់ប្រគល់តួនាទីស៊ើបអង្កេតបញ្ហាមិនប្រក្រតីដល់គ.ជ.ប. គឺជាការចង់បានរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាចំនុចខ្ទាស់ដ៏ធំនៃការពិភាក្សារវាងគណបក្សទាំងពីរ ដែលទំនងជានឹងអាចអូសបន្លាយពេលយូរទៀត ប្រសិនបើគ្មានសម្បទានថ្មីណាមួយទៀតនោះ។
មន្ត្រីជាន់ខ្ពស់នៃការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា លោក ជាមយៀប ដែលជាអ្នកចូលពិភាក្សាជាមួយក្រុមតំណាងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រ នោះ បានបង្ហាញជំហរ តឹងរឹងដើម្បីការពារបុព្វសិទ្ធ និងសុពលភាពរបស់គ.ជ.ប. ក្នុងភារកិច្ចជាអ្នកស៊ើបអង្កេតបញ្ហានៃការបោះឆ្នោតនេះ។ ចំពោះលោក ជាម យៀប គណបក្សប្រជាជនកម្ពុជារបស់លោកមិនអាចបំពានច្បាប់ ខណៈដែលគ.ជ.ប. បានទទួលអាណត្តិពីរដ្ឋសភាខ្មែរក្នុងការចាត់ចែងការងារ បោះឆ្នោតហើយនោះឡើយ។
លោក ជាម យៀប បន្តថា ទោះយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជាបានយល់ព្រមអោយមានតំណាងអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មានសមាសភាពធ្វើជា អ្នកសង្កេតការណ៍ ក្នុងគណៈកម្មការពិសេសចំពោះកិច្ចការនេះហើយដែរ។ ប្រសិនបើគេស្តាប់ប្រសាសន៍របស់លោក ជាម យៀប គណបក្សប្រជាជនកម្ពុជាក៏ទំនងជាមិនខ្វល់ពីការទាមទាររបស់ គណបក្សសង្គ្រោះជាតិទៀតដែរ ហើយនៅតែប្រកាន់ខ្លួនថា អ្នកឈ្នះក្នុងការបោះឆ្នោតជាមួយសំឡេងភាគច្រើនដាច់ខាត នៅក្នុងរដ្ឋសភា។
ស្ពតវីដេអូ និងការពិភាក្សាមួយចំនួនដែលនិយាយអំពីការបង្កើតនីតិកាលថ្មីដោយមិន ចាំបាច់មានចំនួនសមាជិកសភា១២០រូប ដូចការអះអាងរបស់គណបក្សប្រឆាំងនោះ ត្រូវបានចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ជារៀងរាល់ថ្ងៃ៕
ប្រភពពី
RFI