ខេត្តកណ្តាល ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង បានរងការខូចខាតក្រពឹតមួយចំហៀងខ្លួន បន្ទាប់ពីរថយន្តកុងតឺន័របើកបរក្នុងល្បឿនលឿន ជ្រុលកៀរពេញទំហឹង ហើយរថយន្តកុងតឺន័រនោះ បានជ្រុលធ្លាក់ចូលប្រឡាយទឹក ប៉ុន្តែនៅក្នុងហេតុការណ៍នោះ ពុំបណ្តាលឱ្យមានមនុស្សគ្រោះថ្នាក់ទេ ។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១១ សីហា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៧និង២៨ ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ។ រថយន្តដឹកកុងតឺន័រម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-3981 អ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង 2A-0743 បើកបរដោយបុរសឈ្មោះ កែវ រ៉ានី អាយុ៣៧ឆ្នាំ មានលំនៅភូមិ៣ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តទាំងពីរគ្រឿង បានបើកបរបញ្ច្រាសទិសគ្នា ដោយរថយន្តម៉ាកកាមរីបាឡែន បើកពីកើតទៅលិច ចំណែករថយន្តដឹកកុងតឺន័របើកពីលិចទៅកើត ខណៈនោះមេឃកំពុងធ្លាក់ភ្លៀងខ្លាំង មើលគ្នាមិនសូវឃើញ ម្យ៉ាងរថយន្តកុងតឺន័របើកលឿនពេក ក៏ជ្រុលកៀររថយន្តកាមរីបាឡែនពេញទំហឹងបណ្តាល ឱ្យរងការខូចខាតក្រពឹតមួយចំហៀងខាងឆ្វេង ។
ប្រភពដដែលបានបន្តថា ពេលនោះរថយន្តកុងតឺន័រ បានធ្លាក់ចូលទៅក្នុងប្រឡាយទឹក តែសំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់ទេ ។ ក្រោយពេលកើតហេតុអ្នកបើករថយន្ត កុងតឺន័របានចុះរត់គេចខ្លួនបាត់ ។ បន្ទាប់មកសមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួល បានចុះអន្តរាគមន៍យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានស្រុក ៕
ប្រភពពី
កោះសន្តិភាព