លក្ខខណ្ឌការងារទាំង ១៦ចំណុច រួមមាន កម្មករទាមទារឲ្យក្រុមហ៊ុនគោរពគោលការណ៍ស្ម័គ្រចិត្តកម្មករធ្វើការ ថែមម៉ោង ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការប្រើកម្មករខុសតួនាទី ទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបានទៀងទាត់ក្នុងម៉ោងធ្វើ ការងារ ទាមទារឲ្យក្រុមហ៊ុនផ្ដល់ជូនកម្មករនូវកិច្ចសន្យាការងារថតចម្លង ដល់កម្មករម្នាក់មួយច្បាប់ រាល់ពេលចុះកិច្ចសន្យា។
កម្មករស្នើឲ្យក្រុមហ៊ុនទទួលយកសកម្មជនសហជីព ស៊ីខាវឌូ (C-CAWDU) ចូលធ្វើការវិញ និងគិតប្រាក់រាប់ចាប់ពីថ្ងៃដែលក្រុមហ៊ុនបានបញ្ឈប់ ទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ឈ្នួល ៥០% ដល់ស្ត្រីក្នុងករណីសម្រាកសម្រាលកូន ៩០ថ្ងៃ អនុញ្ញាតឲ្យកម្មករឈប់សម្រាកចុងឆ្នាំ ករណីឈប់សម្រាកពិសេស ទាមទារផ្ដល់ប្រាក់លើកទឹកចិត្តដូចដើម កម្មករស្នើឲ្យមានការកែប្រែចំពោះបញ្ហាដែលកម្មករមិនបានធ្វើការ នៅថ្ងៃបើកប្រាក់ឈ្នួល ទាមទារបើកប្រាក់ឈ្នួលក្នុងរយៈពេល ៤៨ម៉ោង ករណីកម្មករដាក់ច្បាប់លាឈប់ពីការងារ ទាមទារផ្ដល់ប្រាក់ថ្លៃអាហារថ្ងៃត្រង់ចំនួន ៤ពាន់រៀលក្នុងម្នាក់ ទាមទារផ្ដល់ប្រាក់ធ្វើការបន្ថែមម៉ោង ទាមទារផ្ដល់ប្រាក់ទ្រទ្រង់សុខភាព ៥ដុល្លារក្នុងម្នាក់ ប្រាក់ថ្លៃបាយសម្រាប់កម្មករស្ម័គ្រចិត្តធ្វើការថ្ងៃបុណ្យ ផ្ដល់ថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់ដល់កម្មករ និងស្នើឲ្យក្រុមហ៊ុនកាត់ប្រាក់រង្វាន់ធ្វើការទៀងទាត់។
កម្មការិនីម្នាក់ឈ្មោះ អ្នកស្រី ម៉ុង សុភា ថ្លែងនៅថ្ងៃទី២១ សីហា ថា ក្នុងពេលកម្មករធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ អ្នកស្រីថា ពេលនោះឡានក្រុមហ៊ុនបានបើកបុកកម្មករ និងប្រើពាក្យពុំសមគួរដល់ក្រុមកម្មករដែលកំពុងទាមទារនៅខាងមុន រោងចក្រ៖ «ដែលមុនដំបូងឈ្មោះ និមិត្ត ហ្នឹង គាត់បានមកសុំពួកខ្ញុំថា សុំឲ្យផ្លូវឡានហ្នឹងចេញទៅមួយ។ ខ្ញុំក៏សួរថា បងឡានហ្នឹងដឹកអីគេ គាត់ថាដឹកឧស ខ្ញុំថាឡានហ្នឹងដឹកក្រណាត់ចូលទៅតើ។ ឥឡូវ បើឡានដឹកឧសមែន ប្រាកដជាដឹកឧសមែន ខ្ញុំសុំមើលតិចបានអត់? គាត់ថាបាន។ ប៉ុន្តែ ឡានហ្នឹងអត់មានដឹកឧសចេញទេ ឡានហ្នឹងអត់ដឹកឧសទេ ដឹកគ្រឿងក្រណាត់ចេញមកវិញ។ ហើយពួកខ្ញុំបានសុំឲ្យឈប់ អត់ឈប់ទេ បើកសម្រុកចេញមកបុកកម្មករយកតែម្ដង»។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីផ្នែករដ្ឋបាលរោងចក្រ គឺលោក ឈុន មឿន បានឲ្យដឹងថា រថយន្តដែលបានបើកបុកកម្មករនោះ លោកថាពុំមានការទាក់ទងនឹងក្រុមហ៊ុនរបស់លោកឡើយ៖ «ខាងគេមកពី ខាងក្រៅផ្សេង គេចៃដន្យគេចូលក្រុមហ៊ុនខ្ញុំ។ ជាធម្មតាទេកម្មករច្រើន បើអ៊ីចឹងគេចេះតែមួយម៉ាត់ពីរម៉ាត់ទៅ»។
ចំពោះបញ្ហាការទាមទាររបស់កម្មករ លោកថ្លែងថា ក្រុមហ៊ុនកំពុងធ្វើការដោះស្រាយ ហើយបញ្ហានេះលោកថានឹងត្រូវដោះស្រាយបញ្ចប់ក្នុងពេលខាងមុខ៖ «ហ្នឹងហើយ ស្អែកបានខាងក្រសួងគាត់នឹងហៅទៅ ហើយសមាគមកាត់ដេរគាត់ហៅទៅប្រជុំដោះស្រាយមួយសារបន្តទៀត»។
រោងចក្រកាត់ដេរ ហ្វឺសហ្គាវ័ន កម្ពុជា មានទីតាំងស្ថិតក្នុងភូមិតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមកម្មករចាប់តវ៉ាតាំងពីថ្ងៃទី១៩ សីហា រហូតមក។ កម្មករបានអះអាងថា ខ្លួននឹងធ្វើការទាមទាររហូតមានការដោះស្រាយណាមួយសមរម្យពីខាង ភាគីក្រុមហ៊ុន៕
ប្រភពពី : RFA