ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស នៃក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយដៃគូប្រតិបត្តិការអន្តរជាតិ ផ្នែកយោធា ដំណើរទៅយ៉ាងសកម្មទៅ តាមផែនការគ្រប់ ដែលយើងមានជាមួយនឹងបណ្តាភាគីដៃគូទាំងអស់
នៅលើ គ្រប់វិស័យ ទៅតាមផែនការ នៅក្នុងផែនការឆ្នាំ រួមទាំងផែនការ ដែលយើងមានលំអិតទៅតាមត្រីមាស ឆមាស រួមទាំងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនសមត្ថភាពការងារ វិជ្ជាជីវៈ ការពង្រឹងនូវកម្រិតនៃការចូលរួមវិស័យការពារជាតិ និងវិស័យសហប្រតិបត្តិការនៅក្នុងតំបន់។
លោកឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស នៃក្រសួងការពារជាតិ
លោក ណឹម សុវត្ថិ បានបញ្ជាក់ថា “ចំណុចដែលខ្ញុំចង់លើកឡើង បញ្ហានេះ គឺមានសារៈសំខាន់ ដោយសារមានព័ត៌មានខ្លះ ដែលបានលើកឡើងថ្មីបំផុត ដែលទាក់ទងជាមួយទៅនឹងព័ត៌មានថា មានកិច្ចសហប្រតិបត្តិការផ្នែកយោធាមួយចំនួន បានត្រូវផ្អាក ឬក៏ត្រូវលប់ នេះគឺជាព័ត៌មាន មិនត្រឹមត្រូវ ហើយមិនពិត ពីព្រោះផែនការ ដែលកំពុងតែដំណើរការមានកិច្ចការយ៉ាងល្អប្រសើរជាមួយដៃគូ ទៅតាមផែនការរបស់យើងដែលបានដាក់”។
លោក ណឹម សុវត្ថិ បានបញ្ជាក់ថា “ដោយឡែក នៅក្នុងសភាពការណ៍បច្ចុប្បន្ន ដែលយើងឃើញមានកិច្ចការទាំងឡាយនេះ គឺមាននៅផែនការខ្លះតែប៉ុណ្ណោះ ដែលយើងត្រូវពន្យាពេល ដើម្បីប្រតិបត្តិទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងសភាពការណ៍បច្នុប្បន្ន”។
សេចក្តីប្រកាសផ្ទាល់មាត់របស់ឧត្តមសេនីយ៍យោធាខាងលើ បានធ្វើឡើងខណៈដែលកាសែត បានចុះផ្សាយថា ក្រសួងការបរទេសអាមេរិក បានលើកឡើងថា ប្រទេសកម្ពុជា បានព្យួរចោលកម្មវិធីកិច្ចសហប្រតិបត្តិការយោធា ជាមួយអាមេរិក និងកម្មវិធីផ្សេងទៀត។ ប្រការនេះ បានកើតឡើង បន្ទាប់ពីការបោះឆ្នោត។
កាសែត បានរាយការណ៍ថា ការព្យួរចោលកម្មវិធីយោធា រវាងកម្ពុជា និងអាមេរិក មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕
ប្រភពពី cambodiapage