ភ្នំពេញៈ កង កម្លាំងប្រមាណមួយរយនាក់ពីអង្គភាពនានា របស់កម្លាំងប្រដាប់អាវុធនៃកងរាជអាវុធហត្ថ និងនគរបាលជាតិ ត្រូវបានដាក់ពង្រាយនៅរាជធានីភ្នំពេញ ដើម្បី «ធានាស្ថិរភាពនយោបាយនិងសន្តិសុខ» រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ នេះបើតាមមន្រ្តីកងរាជអាវុធហត្ថម្នាក់ឲ្យដឹងកាលពីម្សិលមិញ។
លោក ខេង ទីតូ អ្នកនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថា៖
«ពួកគេត្រូវបានប្រមូលមកពីកន្លែងផ្សេងៗនៅទូទាំងប្រទេសដើម្បី ធានាស្ថិរភាពនយោបាយ និងសន្តិសុខរហូតដល់មានការបង្កើតជាផ្លូវការនូវរាជរដ្ឋាភិបាល ថ្មី»។
លោក ទីតូ ថ្លែងថា៖ «សូមកុំបារម្ភ នេះគឺជាវិធានការត្រៀមជាមុនរបស់កម្លាំងប្រដាប់អាវុធដើម្បីការពារ មិនឲ្យមានស្ថានភាពអាក្រក់ណាមួយដែលអាចកើតមានឡើង ក្នុងអំឡុងរយៈពេលនៃរដ្ឋាភិបាលចាំផ្ទះ។ យើងត្រូវតែធានាសន្តិសុខនិងស្ថិរភាពសង្គមរហូតទាល់តែមាន រដ្ឋាភិបាលថ្មី»។
កងទ័ពត្រូវគេរាយការណ៍ថា ឃើញធ្វើដំណើរតាមផ្លូវជាតិផ្សេងៗ ឆ្ពោះមកតំបន់នានាជុំវិញរាជធានីភ្នំពេញ។
មន្រ្តីយោធាម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ទាហានត្រូវបានយកមកពីខេត្តនានាមកកាន់រាជធានីភ្នំពេញ «ពីព្រោះពួកគេជឿថា កម្លាំងប្រដាប់អាវុធនៅរាជធានីភ្នំពេញមិនមានឆន្ទៈខ្លាំងក្លា ដើម្បីបង្ក្រាបមហាបាតុកម្មណាមួយនោះទេ»។
យោធាម្នាក់នេះបន្តថា ៖ «កងយោធាមកពីខេត្តនានា ទំនងជាស្មោះត្រង់ជាមួយមេបញ្ជាការរបស់ពួកគេជាង ហើយអាចនឹងទប់ទល់ជាមួយនឹងក្រុមអ្នកតវ៉ាទ្រង់ទ្រាយធំបាន»។
មន្រ្តីយោធាម្នាក់នេះឲ្យដឹងដែរថា ទាហានមួយចំនួនដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ត្រូវមេបញ្ជាការពួកគេដកហូតអាវុធដោយសារបារម្ភថា ពួកគេអាចទៅចូលរួមនឹងក្រុមអ្នកតវ៉ា។
មន្រ្តីយោធាម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដូចគ្នាថ្លែងថា យ៉ាងហោចកងកម្លាំងប្រដាប់អាវុធចំនួន ២០០ នាក់ ត្រូវបានដាក់ពង្រាយនៅទីតាំងសំខាន់ៗ នៅជិតស្ពានអ្នកលឿង ចន្លោះពីខេត្ត ព្រៃវែងនិងខេត្ត កណ្តាល។
កាលពីថ្ងៃអង្គារមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្តេជ្ញាថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ប្រសិនបើលទ្ធផលបោះឆ្នោតចុងក្រោយមិនឆ្លុះបញ្ចាំងអំពីការឈ្នះរបស់ គណបក្សលោកទេនោះ។
មន្ត្រីរដ្ឋាភិបាលបានថ្លែងទាក់ទិននឹងបញ្ហានេះថា ខ្លួនអាចនឹងចាត់ទុកទង្វើបែបនេះជា «ការបះបោរ» បើសិនមិនគោរពច្បាប់។
ទន្ទឹមនេះ លោក កឹម សុខា ថ្លែងក្នុងសុន្ទរកថាមួយ បន្ទាប់ពីការថ្លែងរបស់លោក សម រង្ស៊ី ថា កងប្រដាប់អាវុធនិងមន្រ្តីរាជការជាង ៧០ ភាគរយ លោកជឿជាក់ថា បានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង ដែលបានសន្យាដំឡើងប្រាក់ខែខ្ពស់ដល់ពួកគេ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងថា ការចល័តទ័ពគឺដើម្បីធានាសន្តិសុខឲ្យបានតឹងរ៉ឹង ហើយព្យាយាមបង្ហាញថា ការថ្លែងរបស់លោក កឹម សុខា គឺមិនមានការពិតនោះទេ។
លោកថ្លែងបន្តថា៖ «ខ្ញុំសូមច្រានចោលនិងសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ អត្ថាធិប្បាយនោះដែលបំផ្លើសព័ត៌មាន ហើយវាយប្រហារនិងប្រមាថកងយោធពលខេមរភូមិន្ទកម្ពុជា»។ «វាមានចេតនាបំបែកឆន្ទៈបុគ្គល និងកងប្រដាប់អាវុធ ដើម្បីបង្វែរពួកគេចេញពីកាតព្វកិច្ចការពារជាតិ ការពារអធិបតេយ្យនិងសិទ្ធិរបស់ប្រជាជន»។
ការទូរស័ព្ទទៅ រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ និងមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនទៀត មិនទទួលបានការឆ្លើយតបទេ កាលពីម្សិលមិញ។
បើទោះជាមន្រ្តី រដ្ឋាភិបាលស្វែងរកការលាបពណ៌លើការចល័តកម្លាំងប្រដាប់អាវុធថា ជា «លក្ខណសាមញ្ញ» ក៏ក្រុមអ្នកវិភាគយល់ថា ពួកគេអាចនឹងធ្វើអ្វីមួយផ្សេងទៅវិញ។
លោក Carlyle Thayer សាស្រ្តាចារ្យនៅរាជបណ្ឌិតសភាយោធាការពារជាតិអូស្រ្តាលីបាន ថ្លែងថា ៖ «ខ្ញុំសូមនិយាយថា ការចល័តនគរបាល និងយោធា គឺមានមូលហេតុពីរ។ ទីមួយ ដើម្បីរារាំងមិនឲ្យមានបាតុកម្មជាសាធារណៈណាមួយ។ ទីពីរ ដើម្បីបង្ក្រាបទៅលើបាតុកម្មសាធារណៈណាមួយ ប្រសិនបើកើតមាន»។
លោកបន្ថែមថា៖ «យុវជនកម្ពុជាមួយចំនួន អាចមានអារម្មណ៍ក្លាហានតទល់ជាមួយនឹងលោក ហ៊ុន សែន ប្រសិនបើដូចករណីយោធាអេហ្ស៊ីបសម្លាប់ក្រុមអ្នកតវ៉ាគាំទ្រ Morsi ខ្ញុំគិតថា ប្រជាជនកម្ពុជាអាចនឹងមានការពិចារណាមួយឡើងវិញ។ ប៉ុន្តែ បើតាមទស្សនៈរបស់ខ្ញុំ ដំណើរវិវឌ្ឍន៍ក្នុងស្រុករបស់កម្ពុជាមិនទាន់ឈានដល់ដំណាក់កាលផ្ទុះ បះបោរនោះទេ»។
ប៉ុន្តែទោះជាយ៉ាងណាលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ៖ «ខ្ញុំគិតថា ក្រុមជជែកគ្នាតាម ហ្វេសប៊ុក និងបណ្តាញសង្គមកំពុង ធ្វើឲ្យមានការបារម្ភខ្លាំង។ ខ្ញុំមានការបារម្ភខ្លាំងណាស់ អំពីភាសាមួយចំនួនដែលពួកគេកំពុងប្រើសព្វថ្ងៃ»។
លោក ថ្លែងថា ៖ «ខ្ញុំគិតថារដ្ឋាភិបាលមិនបារម្ភអំពីការបះបោរទ្រង់ទ្រាយធំ ឬការតវ៉ាទ្រង់ទ្រាយធំទេ ខ្ញុំគិតថា ពួកគេបារម្ភអំពីឧប្បត្តិហេតុដែលអាចនាំឲ្យមានចលាចលក្នុងស្ថានភាព តានតឹងនេះ វាងាយនឹងមិនអាចគ្រប់គ្រងបាន ដែលនេះហើយជាហេតុផល ខ្ញុំគិតថា មេដឹកនាំគណបក្សទាំងពីរ គួរតែទទួលខុសត្រូវអំពីអ្វីដែលពួកគេបាននិយាយជាសាធារណៈ»។
លោកបន្តថា ៖ «បាល់គឺនៅក្នុងដៃរបស់គណបក្សសង្គ្រោះជាតិ ហើយពួកគេចាំបាច់ត្រូវ គិតអំពីអត្ថប្រយោជន៍ជាតិជាមុនសិន ហើយស្វែងរកមធ្យោបាយសន្តិវិធីដើម្បីជំរុញឲ្យមានការស៊ើបអង្កេត»។
លោកបន្ថែមថា គណបក្សទំនងនឹងអាចល្អជាង ប្រសិនបើធ្វើការចរចាក្នុងលក្ខខណ្ឌស៊ើបអង្កេតចម្រុះគ្នា។
កាលពីថ្ងៃអាទិត្យ គ្រាន់តែមួយថ្ងៃបន្ទាប់ពីការអង្កេតលើការបោះឆ្នោត ការកោះអញ្ជើញពិសេសមួយ ត្រូវបានធ្វើឡើង ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានធ្វើពហិការដោយថ្លែងថា ពួកគេនឹងមិនចូលរួមការស៊ើបអង្កេតណាមួយ ដែលមិនមានការចូលរួមពីអង្គការសហប្រជាជាតិនោះទេ។ គ.ជ.ប បានចាត់ទុកការចូលរួមបែបនេះថា «ខុសច្បាប់» ប៉ុន្តែបានអនុញ្ញាតឲ្យអ្នកខាងក្រៅចូលរួមសង្កេតការណ៍លើដំណើរការ នោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងថា ការចល័តកងទ័ពគឺគ្មានអ្វីឲ្យសង្ស័យទេ គេមានបំណង «ដើម្បីបំភិតបំភ័យយើង»។
លោកថ្លែងថា៖ «អំពើហិង្សានិងការបំភិតបំភ័យនឹងមិនអាចសម្លាប់យុត្តិធម៌ បានទេ ហើយក៏មិនអាចសម្លាប់ឆន្ទៈរបស់ប្រជាជនបានដែរ»។
ពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងក្នុងការឲ្យមានការចរចាបាន សួរថា៖ «តើលិខិតចំនួន ប៉ុន្មានហើយដែលបានផ្ញើទៅ គ.ជ.ប ហើយចំនួនប៉ុន្មានទៅយន្តការពិសេសដែលស្នើសុំឲ្យពួកគេដោះស្រាយ បញ្ហា?»៕
ប្រភពពី
ភ្នំពេញ ប៉ុស្តិ៍