យុវជនខ្មែរម្នាក់ឈ្មោះ ភ័ក្ត្រា ដែលបានទៅធ្វើជាពលករនៅប្រទេសថៃរយៈពេល ៧ឆ្នាំ បានចូលរួមប្រឡងចម្រៀងជាភាសាថៃនៅក្នុងកម្មវិធីល្បីបំផុតមួយ គឺ
“ព្រះចន្ទមួយតារារយពាន់” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧។
ឆ្លងកាត់តាមបទសម្ភាសន៍ជាមួយពិធីករស្ថានីយទូរទស្សន៍ នេះ ភ័ក្ត្រា បានរៀបរាប់ថា រូបគេបានទៅធ្វើជាពលករនៅប្រទេសថៃ ដែលកាលពីដំបូងឡើយទៅធ្វើជាកម្មករសំណង់ ហើយក្រោយមក ក៏បានប្ដូរអាជីពទៅបម្រើការងារនៅអាហារដ្ឋានមួយកន្លែង។
គោលបំណងសំខាន់ដែលយុវជនម្នាក់នេះសម្រេចចិត្តទៅធ្វើការជា ពលករនៅក្នុងប្រទេសនេះ គឺដោយសារចង់ជួយដោះបំណុលម្ដាយ។ នៅពេលដែលធ្វើជាកម្មករសំណង់ យុវជនម្នាក់នេះ ទទួលបានប្រាក់បៀវត្សចំនួន
៣ពាន់បាតក្នុងមួយខែ ហើយបានផ្ញើឱ្យម្ដាយប្រមាណ
២ពាន់បាត ដោយទុកតែ ១ពាន់បាតសម្រាប់ដោះស្រាយជីវភាពនៅទីនោះ។
ភ័ក្ត្រា ដែលមានឈ្មោះហៅក្រៅថា ជែមស៍ បានរៀបរាប់ថា នៅពេលដែលរូបគេទៅដល់ប្រទេសថៃដំបូង គេនឹកម្ដាយយ៉ាងខ្លាំង ព្រោះថាកាលពីនៅស្រុកខ្មែរគេដេកឱបម្ដាយរៀងរាល់យប់។
បន្ទាប់ពីធ្វើការជាកម្មករសំណង់ ភ័ក្ត្រា បានប្ដូរអាជីពមកធ្វើការនៅអាហារដ្ឋានមួយឈ្មោះ គុយទាវទូក ដែលទទួលបានប្រាក់ខែ ៨ ពាន់បាត ដោយស្នាក់នៅជាមួយមិត្តភ័ក្ដិជនជាតិខ្មែរដូចគ្នានៅផ្ទះ ជួលដែលមានតម្លៃ
៧០០បាតក្នុងមួយខែ។ នៅពេលទទួលបានប្រាក់ខែច្រើនជាងមុនបែបនេះ រូបគេអាចផ្ញើឱ្យម្ដាយបាន
៣៥០០បាតក្នុងមួយខែ។
យុវជនម្នាក់នេះបានបន្តទៀតថា រហូតមកដល់ពេលនេះរូបគេបានជួយសងបំណុលម្ដាយបាន ៤ម៉ឺនបាតហើយ ហើយរំពឹងថា បើសិនជាគេបានក្លាយជាជយលាភីក្នុងកម្មវិធីប្រឡងចម្រៀងនេះនឹង ទទួលបានរង្វាន់ ១លានបាត នឹងយកទៅសងបំណុលម្ដាយដែលនៅសល់ប្រមាណ ៣ម៉ឺនបាតទៀត។
ក្រោយពីច្រៀងចប់ គណៈកម្មការស្រីម្នាក់នៃកម្មវិធីរបស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៧ នេះ បានពោលសរសើរពីទឹកដមសំនៀងរបស់យុវជនម្នាក់នេះថា សំឡេងរបស់ភ័ក្ត្រាស្រទន់ដែលធ្វើឱ្យទស្សនិកជនជាពិសេសនារីៗ នៅទីនោះមានអារម្មណ៍លន្លង់លន្លោចទៅតាមអត្ថន័យបទចម្រៀង។ គណៈកម្មការដដែលនេះ ក៏បានពោលសរសើរពីទឹកចិត្តកតញ្ញូរបស់យុវជនម្នាក់នេះចំពោះ ម្ដាយនៅឯប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ គណៈកម្មការប្រុសម្នាក់ទៀតដែលជាខ្មែរសូរិនឈ្មោះថា យីងយុធ បានពោលសរសើរដល់ភ័ក្ត្រាដោយនិយាយជាខ្មែរថា សំឡេងពីរោះ និងចូលចិត្ត៕
សូមទស្សនាវីដេអូឃ្លីប៖