ភ្នំពេញ៖ រថយន្តពីរគ្រឿង មួយគ្រឿងម៉ាកកាមរីឆ្លាម និងមួយគ្រឿងទៀត ជារថយន្តក្រឡុកស៊ីម៉ង់តិ៍ ត្រូវអ្នកបើកបរ បើកប៉ះគ្នា នៅចំណុច ផ្លូវ៣៧១ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ២០ និង១០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ បណ្តាលឲ្យរថយន្ត ទាំងពីរគ្រឿងគាបជាប់គ្នា រងការខូចខាតទាំងសងខាង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានសង្កេតឃើញរថយន្ត មួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-1664 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៧១ ក្នុងទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចផ្លូវកែង២៧១ រថយន្តកាមរីឆ្លាមបានវ៉ា ខាងស្តាំដៃ រថយន្តក្រឡុងស៊ីម៉ង់តិ៍ ខេស៊ីមិន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0670 បណ្តាលឲ្យរថយន្ត គាបជាប់គ្នា រងការខូចខាត ទាំងសងខាង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរ បានចុះអន្តរាគមន៍ វាស់វែងដកហូតរថយន្ត ទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដកស្រង់ពី : ដើមអំពិល