.jpg)
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ៥ រូប និងគណបក្សសង្គ្រោះជាតិ ៥ រូប បានចាប់ផ្តើមជួបគ្នាជាថ្មី នៅរសៀលម៉ោង ២ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភា។ កិច្ចប្រជុំ បានធ្វើឡើងដោយបិទទ្វារ។
ខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រំ សុខា លោក ស៊ិក ប៊ុនហុក លោកស្រី ជូរ ប៊ុនអេង លោក អ៊ក គឹមហាន និងលោកស្រី គ្រួច សំអាន។ រីឯគណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក ប៉ុល ហំម និងលោក ម៉ៅ មុនីវណ្ណ។
ក្នុងពេលបើកកិច្ចប្រជុំ និងអនុញ្ញាតឲ្យអ្នកកាសែតចូលថតរូប លោក ព្រំ សុខា បានថ្លែងថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ នៅពេលនេះ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ នៅក្រោយការបោះឆ្នោត។
សូមរម្លឹកថា ក្រោយការបោះឆ្នោត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នាពីរដងរួចមកហើយ។ លើកទី១ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ នៅគជប និងលើកទី២ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភា។ កិច្ចប្រជុំទាំងពីរលើកនោះ និយាយពីការបង្កើតគណៈកម្មការចម្រុះ ដើម្បីដោះស្រាយភាពមិនប្រក្រតី និងបាតុភាពនៃការបោះឆ្នោត។
ប៉ុន្តែគណបក្សជាប់ឆ្នោតទាំងពីរ និយាយមិនត្រូវរ៉ូវគ្នា លើសមាសភាពគណៈកម្មការចម្រុះនោះទេ៕
ប្រភពពី : CEN